សូរ្យ អេណា ៖ 2 ឆ្នាំហើយ នៅតែមិនអាចបំភ្លេចបុរសម្នាក់នោះបាន

កញ្ញា សូរ្យ អេណា ត្រូវបានគេស្គាល់ថាជាតារាបង្ហាញម៉ូដតំណាងប្រទេសកម្ពុជា ដែលធ្លាប់ចេញទៅប្រកួតនៅបរទេសជាច្រើនលើកមកហើយនោះ បច្ចុប្បន្នថ្មីៗនេះ នាងបានក្លាយជាប្រធានក្រុមបង្ហាញម៉ូដ “តារារះកម្ពុជា” តែដោយឡែកកាលពីព្រឹកថ្ងៃទី 20 ខែមិថុនា ឆ្នាំ2017 ម្សិលមិញនេះ តារាបង្ហាញម៉ូដដ៏ល្បីឈ្មោះម្នាក់នេះ បានបង្ហាញឱ្យមនុស្សទូទៅមើលឃើញពីក្តីសោកស្តាយចំពោះការបាត់បង់មិត្តភ័ក្ដិសំណព្វចិត្តរបស់នាងម្នាក់ ដោយនាងបានទៅឯមាត់ច្រាំងទន្លេដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់មិត្តរួមចិត្តដ៏ស្និទ្ធបំផុតរបស់នាងដែលជាបុរសម្នាក់មានឈ្មោះថា អុង ឡេង ដែលបានទទួលមរណភាពនៅឆ្នាំ 2015 និងគេបានកត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំនាងតែងតែរំឭកខួបមរណភាពចំពោះមិត្តរួមចិត្តដ៏ស្និទ្ធម្នាក់នេះជានិច្ច។

តាមរយៈរូបថតប៉ុន្មានសន្លឹកនៅលើហ្វេសប៊ុកផ្ទាល់របស់អេណា នាងបានរៀបរាប់ថា៖ “នេះគឺជាថ្ងៃគម្រប់ខួប2ឆ្នាំ ដែលខ្ញុំបានបាត់បង់រូបអ្នក គ្មានថ្ងៃណាមួយដែលខ្ញុំមិននឹកដល់រូបអ្នកនោះឡើយ អ្នកគឺជាមិត្តភ័ក្តិដ៏ល្អ អ្នកគឺជាអ្នកមានគុណ អរគុណចំពោះទឹកចិត្ត និងគ្រប់បែបយ៉ាងដែលអ្នកបានផ្តល់ឱ្យខ្ញុំកន្លងមក រូបភាព និងអនុស្សាវរីយ៏ដែលយើងធ្លាប់មានជាមួយគ្នាកន្លងមក ខ្ញុំនឹងរក្សាទុកក្នុងបេះដូង ខ្ញុំនឹងចងចាំរូបអ្នករហូតដល់ដង្ហើមចុងក្រោយ អ្នកគឺជាមិត្តតែម្នាក់គត់ដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ គុណស្រ័យ និងពាក្យទូន្មានរបស់អ្នក ខ្ញុំគ្មានថ្ងៃបំភ្លេចបានឡើយ ខ្ញុំនឹងនាំអ្នកទៅកាន់ទីកន្លែងដែលខ្ញុំធ្លាប់បានសន្យា ឱ្យខ្ញុំសូមទោសដែលបំពេញបំណងអ្នកមិនទាន់ពេលវេលា ទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុនណា ទោះគ្មានវត្តមានអ្នកនៅលើលោកនេះទៀតក៏ដោយ ក៏ពួកយើងនៅតែជាមិត្តល្អនឹងគ្នារហូតទៅ សូមអហោសិកម្មឱ្យខ្ញុំផង។ ពី មិត្តកំសត់របស់អ្នក” ។

ជាមួយគ្នានេះដែរ តាមរយៈការបញ្ចេញមតិមួយចំនួនរបស់អ្នកលេងបណ្ដាញសង្គមខាងលើ មានការសង្ស័យថា កញ្ញា សូរ្យ អេណា ប្រាកដជាមានទំនាក់ទំនងជិតដិត ស្អិតល្មួតជាមួយបុរសខាងលើលើសពីមិត្តល្អមិនខាន បានជានាងនិយាយថា និងរក្សាបុរសម្នាក់នោះទុកនៅក្នុងបេះដូងរបស់នាងជានិរន្តរ៍បែបនេះ៕

Advertisement