ប្រធានក្លិប Real ថា Ronaldo អាចទៅបាន បើ Man Utd ហ៊ានឲ្យ 880លានផោន

លោក Florentino Perez បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo មានសេរីភាពក្នុងការចាកចេញពីក្លិប Real Madrid ប្រសិនបើក្លិបមួយណាហ៊ានចំណាយប្រាក់សម្រាប់ការរំលាយកិច្ចសន្យារបស់គេក្នុងទឹកប្រាក់ 880លានផោន (ស្មើនឹង1,120លានដុល្លារអាមេរិក)។

ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or 4សម័យកាល Cristiano Ronaldo ត្រូវបានគេជឿជាក់ថា ចង់ចាកចេញពីកីឡដ្ឋាន Bernabeu ក្រោយពីជួបរឿងរ៉ាវដ៏ខកចិត្តក្នុងប្រទេសអេស្ប៉ាញ។

ក្នុងពេលផ្តល់សម្ភាសជាលើកទី1 បើគិតចាប់តាំងពីពេលផ្ទុះព័ត៌មានថា Ronaldo ចង់ចាកចេញពី Real មក លោក Perez បានប្រាប់វិទ្យុអេស្ប៉ាញ Onda Cero ថា៖ «ខ្ញុំមិនបាននិយាយជាមួយ Cristiano ចាប់តាំងពីការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រមកម្ល៉េះ ហើយខ្ញុំបានឮពាក្យចចាមអារ៉ាមជាច្រើនតាមរយៈបណ្តាញសារព័ត៌មាននានា ប៉ុន្តែកិច្ចសន្យារបស់គេគឺមានទឹកប្រាក់ 880លានផោន ហេតុនេះ ប្រសិនបើមិនមានក្លិបណា ត្រៀមដើម្បីចំណាយក្នុងចំនួននេះទេនោះ រូបគេនឹងមិនចាកចេញឡើយ»។

លោក Perez ដែលត្រូវបានបោះឆ្នោតឲ្យជាប់ជាប្រធានក្លិប Real Madrid ក្នុងអាណត្តិថ្មីនេះ បានបញ្ជាក់ថា លោកមានបំណងដោះស្រាយស្ថានការណ៍ជាមួយនឹង Ronaldo។

ខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទបន្លំការបង់ពន្ធរបស់រដ្ឋាភិបាលអេស្ប៉ាញ ក្នុងទឹកប្រាក់ 13លានផោន ហើយរូបគេបានបង្ហាញនូវការមិនពេញចិត្តចំពោះការខ្វះនូវការការពារពីសំណាក់ក្លិបរបស់គេ៕
ប្រភពពី៖ The Sun

 

Advertisement