នួន បូរ៉ា៖បទ «Sorry អូនសម្លាញ់» នឹងមិនចាញ់បទ «ប៉ង» ប៉ុន្មានឡើយ

បន្ទាប់ពីលោក នួន បូរ៉ា ចេញបទចម្រៀង Original Song របស់ខ្លួន គឺបទ «ប៉ង» ដោយទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្ដអ្នកស្ដាប់កាលពីពេលថ្មីៗនេះរួចមក លោកបានចេញបទថ្មីមួយទៀតដែលមានចំណងជើងថា «Sorry អូនសម្លាញ់»។

ក្នុងបទថ្មីដែលលោក នួន បូរ៉ា ទើបបង្ហោះនៅក្នុងបណ្ដាញសង្គមនេះ មានមហាជនជាច្រើនរំពឹងថា បទថ្មីមួយនេះនឹងទទួលបានការគាំទ្រមិនចាញ់បទចាស់ប៉ុន្មានឡើយ។ដោយឡែកសាមីខ្លួនតារាចម្រៀងលោក នួន បូរ៉ា បានលើកឡើងថា កន្លងមកលោកធ្លាប់តែយកបទចម្រៀងរបស់រៀមច្បងនៅក្នុងផលិតកម្មមួយចំនួនមកច្រៀង ទើបធ្វើឱ្យលោកមានគំនិតចង់ផលិតបទចម្រៀងដោយខ្លួនឯងជារបស់ខ្លួនឯង ខណៈយុវវ័យបច្ចុប្បន្នកំពុងតែផ្ដល់តម្លៃឱ្យស្នាដៃកូនខ្មែរ និងម្យ៉ាងទៀត ការផលិតបទចម្រៀង Original Song ក៏មិនចំណាយថវិកាច្រើនប៉ុន្មានដែរ។

នួន បូរ៉ា បន្ដថា បើទោះជាមានការលំបាកបន្ដិចបន្ដួចក្ដី ប៉ុន្ដែចិត្ដរបស់លោកពុំធ្លាប់រួញរាចំពោះការងារនេះឡើយ ព្រោះការផលិតបទចម្រៀងថ្មី  ឧបសគ្គរបស់វាមិនស្ថិតនៅលើថវិកាទេ វាស្ថិតនៅលើឆន្ទៈតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់អ្នកស្រឡាញ់ការច្រៀងតាំងពីអាយុ13ឆ្នាំដូចជារូបលោក នឹងនៅតែប្រឹងប្រែងផលិតបទចម្រៀងថ្មីៗជាបន្ដបន្ទាប់ទៀតរហូត។

លោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំចង់បានពីមហាជននៅពេលនេះ គឺកម្លាំងចិត្ដតាមរយៈការគាំទ្រលើបទចម្រៀងថ្មីៗជាច្រើន មិនថាតែបទចម្រៀងរបស់ខ្ញុំ ឬរបស់តារាចម្រៀងរូបណាទេ សូមចូលរួមគាំទ្រទាំងអស់គ្នា»។ ទោះយ៉ាងណានួន បូរ៉ា បានបង្ហាញនូវក្ដីរំពឹងថា បទទីពីររបស់លោកនឹងទទួលបានការគាំទ្រមិនចាញ់បទទីមួយនោះឡើយ៕

Advertisement