Everton កំពុងពិភាក្សាជាមួយ Sunderland ជុំវិញការទិញយក Pickford

ក្លិប Everton កំពុងតែធ្វើការពិភាក្សាជាមួយនឹងក្លិប Sunderland ជុំវិញការផ្ទេរអ្នកចាំទី Jordan Pickford ហើយក្លិបទូកក្តោងមួយនេះកំពុងតែមានបំណងក្នុងការផ្តល់តម្លៃខ្លួនតាមការស្នើសុំក្នុងទឹកប្រាក់3០លានផោន (ស្មើនឹង38លានដុល្លារអាមេរិក) ដើម្បីទិញយកអ្នកចាំទីជម្រើសជាតិអង់គ្លេសអាយុក្រោម21ឆ្នាំរូបនេះ។

ក្លិប Everton បានបង្ហាញពីការចាប់អារម្មណ៍របស់ខ្លួនទៅលើអ្នកចាំទីវ័យក្មេងរូបនេះភ្លាមៗ ក្រោយពីក្លិប Sunderland ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ប៉ុន្តែការដាក់តម្លៃខ្លួនជាបឋមរបស់ពួកគេត្រូវបានច្រានចោល។ ទោះបីជាយ៉ាងណា ការចរចាផ្សេងៗត្រូវបានធ្វើបន្ត ហើយក្លិប Everton បានយល់ព្រមលើលក្ខខណ្ឌជាចម្បងផ្សេងៗដើម្បីផ្តល់តម្លៃខ្លួនតាមការស្នើសុំក្នុងទំហំទឹកប្រាក់3០លានផោន។

រចនាសម្ព័ន្ធនៃការផ្ទេរដែលទាក់ទងនឹងទំហំនៃទឹកប្រាក់ក្នុងដំណាក់កាលដំបូងនេះ និងប្រាក់ឧបត្ថម្ភផ្សេងៗនោះ មិនទាន់បានបំពេញជាផ្លូវការនៅឡើយទេ។ Pickford បានធ្វើការពន្យារពេលនៃការសម្រេចចិត្តលើអនាគតរបស់គេ រហូតទាល់តែបញ្ចប់យុទ្ធនាការ Euro អាយុក្រោម21ឆ្នាំក្នុងប្រទេសប៉ូឡូញ។ អ្នកចាំទីរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ជាមួយនឹងក្រុមរបស់លោក Aidy Boothroyd កាលពីថ្ងៃចន្ទ និងត្រូវប្រកួតជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ក្នុងការប្រកួតបើកឆាករបស់អង់គ្លេស នៅថ្ងៃសុក្រនេះ។

Pickford បាននិយាយកាលពីសប្តាហ៍មុនថា៖ «ខ្ញុំបាននិយាយទៅកាន់ភ្នាក់ងារតំណាងរបស់ខ្ញុំ និងបានប្រាប់គាត់ថា ខ្ញុំចង់ផ្តោតទៅលើយុទ្ធនាការ Euro និងបង្ហាញពីទម្រង់លេងដ៏ល្អបំផុតតាមដែលខ្ញុំអាច។ ខ្ញុំនឹងរង់ចាំមើលថា ខ្ញុំនឹងស្ថិតនៅទីណា។ ក្នុងនាមជាកីឡាកររបស់ Sunderland ដែលធ្លាក់ចេញក្របខ័ណ្ឌកំពូល វាពិតជាលំបាកក្នុងការទទួលយកណាស់»៕
ប្រភពពី៖ The Guardian

Advertisement