គ្រូបង្វឹកកម្ពុជាបង្ហាញពីការគ្មានសម្ពាធ មុនពេលប៉ះអាហ្វហ្គានីស្ថាន ល្ងាចនេះ

លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញថា លោកមិនមានសម្ពាធអ្វីឡើយ នៅពេលក្រុមរបស់លោកត្រូវធ្វើការប្រកួតជម្រុះក្នុងពូល E ក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ2019 ជាមួយនឹងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃនេះ។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃម្សិលមិញថា លោកមិនមែនមកដឹកនាំដើម្បីរាប់តែការឈ្នះ និងចាញ់ ឬក៏ផ្តោតទៅលើការដឹកនាំរយៈពេលខ្លីនោះទេ ប៉ុន្តែលោកមានតួនាទីក្នុងការសម្រេចគោលដៅជាយុទ្ធសាស្ត្រ ដើម្បីកសាងអនាគតសម្រាប់កីឡាបាល់ទាត់របស់ព្រះរាជាណាចក្រមួយនេះ។ ការប្រកួតដ៏សំខាន់នេះ ដែលត្រូវបានរំពឹងទុកថា នឹងទាក់ទាញអ្នកគាំទ្រមកអ្នកទស្សនាយ៉ាងច្រើនកុះករនោះ នឹងចាប់ផ្តើមប្រកួតនៅម៉ោង 6:30ល្ងាចតទៅ។

បើទោះបីជាសម្ពាធផ្សេងៗកំពុងតែស្ថិតនៅលើរូបលោក Vitorino ក្នុងការដណ្តើមយកលទ្ធផលជាវិជ្ជមានមួយឱ្យបាន ក្រោយពីការរងបរាជ័យ3លើកជាប់ៗគ្នាក្រោមស្នាដៃក្រុមជម្រើសជាតិហ្ស៊កដានី ឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងរយៈពេល3ខែកន្លងមកនេះក៏ដោយ ក៏អតីតគ្រូបង្វឹករបស់ក្លិបឡាវ Lanexang United F.C. រូបនេះបានបញ្ជាក់យ៉ាងច្បាស់ដែរថា កម្ពុជាកំពុងតែស្ថិតនៅផ្លូវដ៏ត្រឹមត្រូវហើយ ដោយលោកបានបញ្ជាក់ថា៖ «ខ្ញុំមកទីនេះមិនមែនមករាប់ការឈ្នះ និងចាញ់នោះទេ ប៉ុន្តែយើងមានគោលដៅរយៈពេលវែងរហូតដល់ឆ្នាំ2023 ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម។ កម្ពុជា ស្ថិតនៅផ្លូវដ៏ត្រឹមត្រូវហើយ។ ក្នុងកីឡាបាល់ទាត់ ពេលខ្លះយើងយំ ប៉ុន្តែទៅថ្ងៃអនាគត យើងនឹងរីករាយជាមួយគ្នា»។

ក្រុមជម្រើសជាតិកម្ពុជា នឹងឈានទៅកាន់ការប្រកួតនេះ ក្រោយពីចាញ់ក្នុងការប្រកួតជម្រុះបើកឆាករបស់ខ្លួនក្រោមស្នាដៃក្រុមជម្រើសជាតិហ្ស៊កដានី ក្នុងលទ្ធផល 7-០ កាលពីចុងខែមីនា ហើយពួកគេក៏ទើបតែរងបរាជ័យក្នុងផ្ទះខ្លួនឯង 2-០ ក្នុងការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនផងដែរ។

ក្រុមជម្រើសជាតិកម្ពុជា និងអាហ្វហ្គានីស្ថាន ធ្លាប់ជួបគ្នា2លើកកាលពីឆ្នាំ2015 ក្នុងវគ្គជម្រុះ World Cup ដោយកម្ពុជា បានចាញ់ក្នុងផ្ទះខ្លួនឯង 1-០ មុននឹងបន្តចាញ់ 3-០ ពេលប្រកួតជើងទី2៕

Advertisement