ស្រែកហ៊ោបែកសង្ក្រាន្ដព្រែកឯង… កំឡោះសង្ហា បូ តាំងហ៊ាង និងទេព ពិសិដ្ឋ ឆក់ដួងចិត្តសិស្សៗវិទ្យាល័យ

កម្មវិធីសង្ក្រាន្ដព្រែកឯងម្សិលមិញនេះ គែមើលឃើញថា សិល្បករសិល្បការិនីជាច្រើន សុទ្ធតែបង្ហាញអារម្មណ៍សប្បាយរីករាយក្អាកក្អាតរាំសប្បាយតាមបែបប្រពៃណីខ្មែរ ដោយតារាដែលបានចូលរួមប្រមាណលើសកំណត់ដែលបានអញ្ជើញតែម្ដង។ តារាសិល្បៈនីមួយលើកឡើងថា ពិតជាសប្បាយនឹកស្មានមិនដល់ ដែលសិស្សមកចូលរួមពីគ្រប់ទិសទីក្នុងសង្ក្រាន្ដវិទ្យាល័យព្រែកឯងនេះ កុះករដល់ម្លឹង។  ក្នុងនោះ ការរៀបចំហ្សូន ដើម្បីថតកម្សាន្ត ដើម្បីទស្សនាស្នាដៃនិស្សិត  និង កន្លែងតន្ត្រីរាំច្រៀង ក៏មើលទៅល្អឥតខ្ចោះអាចទទួលយកបានផងដែរ ខណៈដែលទិដ្ឋភាពវិទ្យាល័យនេះ ក៏អំណោយផលក្នុងការរៀបចំ ព្រោះតែមានបរិវេណធំទូលាយ  ហើយសម្បូរដោយដើមឈើធំៗផ្ដល់ម្លប់ត្រឆឹងត្រឆីមិនក្ដៅហែង។

កាន់តែផ្អើលវិទ្យាល័យទាំងមូលនេះតែម្ដងគឺ ខណៈដែលម្ចាស់ « បើថ្ងៃមួយបងបាត់ការចងចាំ » លោក បូ តាំងហ៊ាង និងម្ចាស់ពានរង្វាន់ The Voice Kid Cambodia រដូវកាលទី 2 លោក ទេព ពិសិដ្ឋ បានបង្ហាញវត្តច្រៀងចម្រៀងបទមនោសញ្ចេតនាច្រើនបទនេះ គេពិតជាភ្ញាក់ភ្នែកមិននឹកស្មានថា សិស្សព្រែកឯងគឺជាហ្វេនៗរបស់អ្នកទាំងពីរច្រើនដល់ថ្នាក់ហ្នឹងសោះ។ ប្អូនៗហ្វេនៗ បានស្រែកហ៊ោកញ្ច្រៀវផង ច្រៀងតាមផង លើកដៃគ្រវីតាមផង Live ហ្វេសប៊ុកផង ដែលមើលទៅពិតជាធ្វើឱ្យតារាចម្រៀងរំភើបចិត្ត រកពាក្យពេចន៍និយាយមិនចេញ។ ទេព ពិសិដ្ឋ ថ្លែងប្រាប់ឡារ៉ែនថា តបការអញ្ជើញពីសិស្សវិទ្យាល័យព្រែកឯងនៅក្នុងថ្ងៃសង្ក្រាន្ដនេះ លោកពិតជារំភើបខ្លាំង ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់មិត្តៗនៅវិទ្យាល័យនេះទាំងអស់គ្នា។ បើទោះបីជាច្រៀងមិនបានប្រាក់ក៏ដោយ តែលោកពេញចិត្តចំពោះការចូលរួមក្នុងកម្មវិធីសង្ក្រាន្ដនេះ ហើយចង់ឱ្យមានការរៀបចំបែបនេះ នៅឆ្នាំក្រោយៗបន្ដបន្ទាប់ទៀត។

សូមជម្រាបផងដែរថា កម្មវិធីសង្ក្រាន្ដព្រែកឯងនេះ ក៏វត្តមានតារាៗដែលចូលរួមបង្កបរិយាកាសសង្ក្រាន្ដទាំងមូល  ឱ្យសប្បាយរីករាយនៅក្នុងថ្ងៃនោះរួមមាន៖ លោក ជ័យ សុវ៉ាត តារាចម្រៀងសាន់ដេ,    អ្នកនាង ឆ័យលី ដាឡែន, កញ្ញា Baby,    លោក  ម៉ាដូណា,  តារាចម្រៀងកំពុងឡើងកូដ លោក បូ តាំងហៀង,  តារាចម្រៀងបាត់មុខយូរអ្នកនាង  កែវ  បូរ៉ា,  លោក  យូឌីស្កូ , តារាសម្ដែង លោក យន សុភ័ក្រ, លោក  អ៊ឹម ជីវ៉ា, លោក គន់ រៀមរតនៈ,  កញ្ញា  ស៊ូ ដាណេ,   កញ្ញា ចែម ស្រីលក្ខ័ណ៍, លោក ជួន អមរិទ្ឋ, លោក ស៊ឹម ស៊ីណាត, កញ្ញា ឯក សុវណ្ណារត្ន័, លោក ឈិន សារ៉ាត់, អ្នកនាង នៅ ណាវីន ដែលទើបតែងើបពីឈឺ, លោក ស៊ឹម សុវណ្ណដូឡា, លោក សន សុវណ្ណារ៉ា, កញ្ញា ស្រីតូច, លោក ផេង តុលា,  តារាសម្ដែងកញ្ញា ហេង ស្រីពេជ្រ,  លោក លោកJohn,  អ្នកនាង  នី ម៉ាលីណា,  លោក ឃីម៉ូ, លោក  ម៉ែន អម្រុងរត្ន័ , លោក ភីតទ័រ ព្រមទាំងតារាច្រើនដួងទៀត៕

Advertisement