Sterling​ អំពាវនាវ​ឱ្យ​ព្យួរ​កីឡដ្ឋាន​ ក្រោយ​មានការ​រើសអើង​ក្នុង​ពេល​អង់គ្លេស​ផ្តួល​ម៉ុង​តេ​ណេហ្គ្រោ​

ខ្សែប្រយុទ្ធ​ Raheem​ Sterling​ ជឿជាក់​ថា​ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់​ថា​ UEFA​ គួរតែ​ដាក់ទណ្ឌកម្ម​លើ​ការ​ច្រៀង​ចម្រៀង​បែប​រើសអើង​ទៅកាន់​កីឡាករ​របស់​ក្រុមជម្រើសជាតិ​អង់គ្លេស​ ក្នុង​ពេល​ក្រុម​របស់​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល​ 5-1 កាលពី​ថ្ងៃ​ចន្ទ​ លើ​ក្រុមជម្រើសជាតិ​ម៉ុង​តេ​ណេហ្គ្រោ​ក្នុង​ទីក្រុង​ Podgorica​ តាមរយៈ​ការ​បិទ​កីឡដ្ឋាន​នៅ​ទីក្រុង​ Podgorica​។

តារា​ឆ្នើម​របស់​ក្លិប​ Manchester​ City​ រូប​នេះ​បាន​អបអរ​ការ​រកបាន​គ្រាប់​បាល់​ទី5​ របស់​គេ​តាមរយៈ​ការ​លើកដៃ​បាំង​ត្រចៀក​របស់​គេ​ទៅកាន់​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​នៅ​រាត្រី​មួយ​ដែល​នៅពេល​នោះ​ការ​ដណ្តើម​បាន​ជ័យជម្នះ​មួយផ្សេងទៀត​ក្នុង​យុទ្ធនាការ​ជម្រុះ​ Euro​ ឆ្នាំ2020​ របស់​ក្រុម​អង់គ្លេស​ត្រូវ​បាន​បាំងបិទ​ដោយ​ការរើសអើង​។

Sterling​ បាន​ប្រាប់​ទូរទស្សន៍​ Sky​ Sports​ ថា​៖ «ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​ឱ្យ​ពួកគេ​ឃើញថា​ អ្នក​ត្រូវការ​លទ្ធផល​ល្អ​ប្រសើរ​ជាង​នេះ​ក្នុង​ការ​ធ្វើ​ឱ្យ​យើង​ខកចិត្ត​ និង​បញ្ឈប់​យើង​បាន​។ ពេលនេះ​ឆ្នាំ2019ហើយ​ ខ្ញុំ​នៅតែ​រក្សា​ការ​និយាយ​បែបនេះ​។ វា​ជា​រឿង​អាម៉ាស់​មួយ​ក្នុង​ការ​ឃើញ​សកម្មភាព​បែបនេះ​បន្ត​កើតឡើង​ ហើយ​យើង​ត្រឹមតែ​អាច​ដឹងពី​ស្ថានភាព​នេះ​»។

ស្រប​ពេល​ជាមួយគ្នា​នេះ​ Gareth​ Southgate​ អ្នកចាត់ការ​ទូទៅ​របស់​ក្រុមជម្រើសជាតិ​អង់គ្លេស​ បាន​និយាយ​ថា​ លោក​បានឮ​ការ​ស្រែកច្រៀង​ការរើសអើង​ជាតិសាសន៍​ ដោយមាន​បំណង​ទៅលើ​ Danny​ Rose​។

លោក​ Southgate​ បានឱ្យ​ដឹង​ថា​៖ «ខ្ញុំ​ពិតជា​បានឮ​ពី​ការរើសអើង​ទៅលើ​ Danny​ Rose​ នៅពេល​ដែល​រូបគេ​បាន​រង​ពិន័យ​កាត​លឿង​ក្នុង​ពេល​ជិត​បញ្ចប់​ការប្រកួត​។ វា​ពិតជា​គ្មាន​ការសង្ស័យ​ក្នុងចិត្ត​ខ្ញុំ​ឡើយ​ដែល​បញ្ហា​នោះ​បាន​កើតឡើង​។ យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ បញ្ហា​នោះ​នឹង​ត្រូវ​រាយការណ៍​ទៅកាន់​ UEFA​ ដោយសារតែ​វា​មិន​អាច​ទទួលយក​បាន​ឡើយ​»។

បច្ចុប្បន្ន​ ក្រុមជម្រើសជាតិ​អង់គ្លេស​ បាន​ឈរ​យ៉ាង​រឹងមាំ​នៅ​លើកំពូល​តារាង​នៃ​ពូលA​ ដោយមាន​ 06ពិន្ទុ​ និង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី10គ្រាប់​ពី​ការប្រកួត​បើកឆាក​ 2លើកដំបូង​របស់​ពួកគេ​៕

Advertisement