Liverpool ត្រៀមរួចរាល់ក្នុងការបំបែកកំណត់ត្រា ដើម្បីនាំយក Van Dijk ពី Southampton

កីឡាករអន្តរជាតិហូឡង់ Virgil van Dijk អាចនឹងក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងពិភពលោក និងត្រូវបានគេរំពឹងទុកថា នឹងចេញពីក្លិប Southampton ទៅចូលរួមជាមួយក្លិបយក្សរបស់អង់គ្លេស Liverpool នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានរបស់ចក្រភពអង់គ្លេស។

ខ្សែការពារវ័យ២៥ឆ្នាំរូបនេះ ដែលបានចូលរួមជាមួយនឹងក្លិប Southampton កាលពីឆ្នាំ២០១៥ ក្រោយពីបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងក្រុមម្ចាស់ជើងឯកស្កុតឡេន Celtic នោះ នឹងមានតម្លៃខ្លួនប្រមាណជា៦០លានផោន (ស្មើនឹង៧៧លានដុល្លារអាមេរិក) នេះបើយោងតាមប្រភពព័ត៌មានផ្សេងៗ។ ប៉ុន្តែ ទោះបីជាយ៉ាងណា វិទ្យុ BBC និងបណ្តាញសារព័ត៌មានផ្សេងទៀតបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារថា ក្លិប Southampton មិនរីករាយក្នុងការផ្ទេរនេះឡើយ និងបានស្នើឲ្យក្របខ័ណ្ឌ Premier League ធ្វើការស៊ើបអង្កេតថា តើមានការដាក់សំណើមិនស្របច្បាប់ពីសំណាក់ក្លិប Liverpool ឬយ៉ាងណា?

Van Dijk នឹងក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ Liverpool ក្រោយពីខ្សែប្រយុទ្ធ Andy Carroll បានចូលរួមជាមួយនឹងក្លិបហង្សក្រហមមួយនេះដោយចេញពីក្លិប Newcastle United ក្នុងតម្លៃខ្លួន៣៥លានផោន កាលពីឆ្នាំ២០១១។ ក្លិប Celtic នឹងទទួលបានចំណូល១០ភាគរយនៃតម្លៃខ្លួនសរុប ក្រោយពីបានបញ្ចូលលក្ខខណ្ឌនៃការផ្ទេរ ក្នុងពេលលក់ Van Dijk ទៅឲ្យក្លិប Southampton។

គួររំឭកដែរថា David Luiz គឺជាខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្រោយពីត្រូវបានលក់ទៅឲ្យក្លិប Paris Saint-Germain ដោយក្លិប Chelsea ក្នុងតម្លៃខ្លួន៥០លានផោនកាលពីឆ្នាំ២០១៤៕

ប្រភពពី៖ Daily Star

 

Advertisement