ក្រុម Chelsea បាននាំយកស្នាមញញឹមវិលទៅកាន់ផ្ទៃមុខរបស់លោក Maurizio Sarri វិញ តាមរយៈការយកឈ្នះក្នុងលទ្ធផល 2-០ លើក្រុម Tottenham ដើម្បីកាត់បន្ថយសម្ពាធផ្សេងៗពីលើអ្នកចាត់ការទូទៅរបស់ពួកគេ ក្រោយពីអ្នកចាំទី KepaArrizabalaga មិនត្រូវបានដាក់ឱ្យចូលលេង បន្ទាប់ពីភាពចម្រូងចម្រាស់នៅកីឡដ្ឋាន Wembley។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទី2 របស់ខ្សែប្រយុទ្ធ Pedro និងការធ្វើឱ្យបាល់ចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Kieran Trippier បានបង្កើតការជឿជាក់ឡើងវិញសម្រាប់លោក Sarri ខណៈដែលអ្នកចាត់ការទូទៅរូបនេះ កំពុងតែប្រយុទ្ធដើម្បីគេចឱ្យផុតពីការបណ្តេញចេញ ក្រោយពីជួបភាពជ្រួលច្របល់ក្នុងរដូវកាលទី1 របស់លោកក្នុងនាមជាគ្រូបង្វឹក។
ជំហររបស់លោក Sarri ត្រូវបានកម្ទេចដោយអ្នកចាំទី Kepa ក្រោយពីអ្នកចាំទីរូបនេះបានបង្កើតឱ្យមានការផ្ទុះកំហឹងពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ នៅពេលដែលរូបគេបានបដិសេធក្នុងការប្តូរចេញ ក្នុងពេលប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Sadio Mane បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ខណៈដែលក្រុម Liverpool បានរក្សាការនាំមុខរបស់ខ្លួនពីលើក្រុម Manchester City នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីកម្មវិធីប្រកួតដ៏មមាញឹកកាលពីថ្ងៃពុធ ដែលមានក្រុមកំពូលទាំង7 ចូលរួម។
ក្រុមរបស់លោក Jurgen Klopp បានយកឈ្នះលើក្រុមឡើងទម្រង់លេង Watford យ៉ាងងាយក្នុងលទ្ធផល 5-០ នៅកីឡដ្ឋាន Anfield ដើម្បីលុបចោលការបារម្ភផ្សេងៗជុំវិញការរក្សាភាពខ្លាំងរបស់ពួកគេ ខណៈដែលពួកគេកំពុងតែប្រជែងយកពានក្របខ័ណ្ឌកំពូលជាលើកទី1 បើគិតចាប់តាំងពីឆ្នាំ1990។
ដោយឡែក ក្រុម Man City បានបំបែកតំបន់ការពារដ៏រឹងមាំរបស់ក្រុម West Ham នាកីឡដ្ឋាន Etihad ក្នុងការប្រកួតតង់ទី2 ដើម្បីរក្សាការដេញតាមពីក្រោយក្រុម Liverpool ចំនួន 1ពិន្ទុឱ្យនៅដដែល៕