តំណម និងជំនឿនៃការឱ្យអាំងប៉ាវយកងូវហេង…

រាល់រដូវបុណ្យចូលឆ្នាំចិន គេតែងសង្កេតឃើញថា ចាស់ៗ ឬអ្នកដែលមានស្វាមី-ភរិយារួច តែងតែឱ្យអាំងប៉ាវពណ៌ក្រហមៗទៅក្មេងៗ ឬអ្នកដែលមិនទាន់រៀបការ ដែលទំនៀមទម្លាប់នេះមានតាំងពីយូរលង់មកហើយ។ តើការឱ្យអាំងប៉ាវនេះ មានន័យដូចម្ដេច និងមានតំណមនៃការឱ្យដែរឬទេ?

ជាការពិតណាស់ បុព្វបុរសចិនបានជឿលើរឿងព្រេងនិទានដែលបានតំណាលថា៖ នៅថ្ងៃចូលឆ្នាំចិន មានបិសាចមួយឈ្មោះ ស៊ូអ៊ី តែងតែចេញមកលងបន្លាចក្មេងៗ នៅពេលពួកគេគេងលក់។ ក្មេងណាដែលត្រូវបិសាចនោះប៉ះ ប្រាកដជាភ័យខ្លាចរហូតដល់គ្រុនក្តៅខ្លួនយ៉ាងខ្លាំង និងបន្ទាប់មកក៏កើតជំងឺឡប់សតិជាមិនខាន។ ដូច្នេះ ដើម្បីការពារក្មេងៗពីការយាយីរបស់បិសាចកំណាចនោះ ឪពុកម្តាយតែងតែនៅយាមកូនៗរបស់ពួកគេពេញមួយយប់ ដោយយមិនបានដេកពួនឡើយ។

ក្រោយមកមានគ្រួសារមួយ ឪពុកម្តាយបានឱ្យកាក់ចំនួន 8កាក់ទៅកូនៗសម្រាប់លេងនៅពេលយប់ ដើម្បីកុំឱ្យពួកគេគេងលក់ ធ្វើឱ្យបិសាចមិនហ៊ានមកយាយីឡើយ។ កូនៗទាំងនោះបានយកក្រដាសមកខ្ចប់កាក់ទាំងនោះ ហើយលេងរហូតដល់គេងលក់ដោយមិនដឹងខ្លួន។ បន្ទាប់មកឪពុកម្តាយបានយកកញ្ចប់ក្រដាសដែលខ្ចប់កាក់នោះទៅដាក់នៅក្រោមខ្នើយកើយរបស់កូន។ នៅពេលដែលបិសាច ព្យាយាមប៉ះក្បាលរបស់ក្មេង កាក់ទាំង8 នោះបានបញ្ចេញពន្លឺយ៉ាងខ្លាំង ហើយបិសាចក៏ភ័យខ្លាច ហើយរត់បាត់ទៅ។ ចាប់តាំងពីពេលនោះមក ពួកគេក៏មានជំនឿថា ការឱ្យអាំងប៉ាវ ឬស្រោមក្រដាសមានលុយទៅកាន់កូនៗ គឺមានន័យថា ឱ្យកូនៗមានសុវត្ថិភាព និងសំណាងល្អ។

ចំណែកឯតំណមនៃការឱ្យអាំងប៉ាវវិញ កាលពី​បុរាណមនុស្ស​ចាស់​តែងតែ​ចងកាក់​រួមគ្នា​ដោយ​អំបោះ​ក្រហម ហើយ​ខ្សែ​អំបោះ​ក្រហម​នេះ គេ​ហៅថា «លុយ​បណ្តេញ​វិញ្ញាណ​30» ហើយ​យកវាទៅដាក់​​នៅ​ពីក្រោម​ខ្នើយកើយ​របស់​កូនៗ ដើម្បី​ការពារ​ជំងឺ និងសំណាងអាក្រក់។ សម័យកាល​ក្រោយៗ​មកទៀត ដោយសារ​មានការប្រើប្រាស់ក្រដាសប្រាក់ ​ជំនួស​ប្រាក់ជា​កាក់លោហៈនោះ ទើប​ខ្សែ​ក្រណាត់​ក្រហម ត្រូវបាន​ជំនួស​ដោយ​កញ្ចប់ក្រដាស​ក្រហមវិញ។

ទីបំផុតទំនៀមទម្លាប់នេះបាន​ក្លាយទៅជាការឱ្យ “អាំង​ប៉ាវ” ដែលជា​ស្រោមក្រដាស​ពណ៌​ក្រហម ហើយ​កាក់ក៏បាន​ក្លាយជាក្រដាសប្រាក់ដែរ។

នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី ភាគច្រើន​នៅ​តំបន់ភាគខាងត្បូង​ប្រទេស​ចិន ស្រោមសំបុត្រពណ៌​ក្រហម​ត្រូវប្រគល់​ឱ្យ​ដោយ​មនុស្ស​ដែល​រៀបការ​ហើយ​ទៅមនុស្ស​ដែល​មិនទាន់​រៀប​ការ ជាពិសេសជា​អំណោយ​សម្រាប់​ក្មេងៗ តែសម្រាប់អ្នកនៅលីវវិញ មិនចាំបាច់មានអាំងប៉ាវដើម្បីឱ្យទៅអ្នកដទៃទេ ព្រោះអាចនឹងជួបគ្រោះពេញមួយឆ្នាំ ដែលនេះក៏ជាតំណមមួយដែរ៕​

Advertisement