ក្រៅពីប្រព័ន្ធអប់រំ សុខភាពក៏ជាចំណុចសំខាន់មួយដែរក្នុងការអភិវឌ្ឍ​សមត្ថភាព​សិក្សារបស់សិស្ស

ការអភិវឌ្ឍសមត្ថភាពសិក្សារបស់សិស្ស និងការបណ្តុះភាពជាអ្នកដឹកនាំឱ្យបានល្អ ចាំបាច់ត្រូវតែគិតឱ្យបានគ្រប់ជ្រុងជ្រោយលើគ្រប់ផ្នែក​របស់សិស្ស ព្រោះ​ប្រសិនបើអ្នកអប់រំ​ខ្វះចន្លោះលើចំណុចណាមួយ​ វាអាចនឹងធ្វើឱ្យ​ពួកគេ​មានភាពលំបាក​ក្នុងការប្រកួតប្រជែង ឬ​ច្នៃខ្លួនឯងឱ្យក្លាយជាធនធាន​សំខាន់សម្រាប់សង្គមនៅថ្ងៃអនាគត។

ក្រៅពីការសិក្សា​តាមប្រព័ន្ធអប់រំហើយ សុខភាព(ទាំងផ្លូវកាយ និងផ្លូវចិត្ត) ក៏ជារឿងសំខាន់បំផុតមួយដែលមិនអាចខ្វះបានដែរនៅក្នុងការអភិវឌ្ឍសមត្ថភាពមនុស្សជំនាន់ថ្មីរបស់កម្ពុជា។ ព្រោះសមត្ថភាពគ្រប់យ៉ាង​មិនអាចកើតមានលើមនុស្សដែលមានសុខភាពទន់ខ្សោយនោះទេ តែផ្ទុយទៅវិញ ការចងចាំ និង​ស្មារតី​វិជ្ជមាន​លើការអប់រំ​ តែងតែកើតឡើងចំពោះធនធានមនុស្សដែលមានសុខភាពរឹងមាំ។

លោក តែ ឡាយ ប្រធាននាយកដ្ឋានអប់រំនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ការគិតគូរពីសុខភាពកុមារ និងយុវវ័យ​ជាកត្តាចាំបាច់ដែលសាលារៀន និងមាតាបិតាត្រូវយកចិត្តទុកដាក់ដើម្បីជួយជំរុញ​ការអភិវឌ្ឍ​ផ្នែកកាយសម្បទា ស្មារតី និងលទ្ធផល​ការសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ។ កុមារ និងយុវវ័យត្រូវការចាំបាច់នូវថាមពលទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បី​ខិតខំប្រឹងប្រែង​អភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយជា​មនុស្សពូកែនៅថ្ងៃអនាគត ហេតុនេះទើបសាលារៀន វ៉េស្ទឡាញន៍ បាន​​យកចិត្តទុកដាក់អនុវត្ត​កម្មវិធីអប់រំសុខភាពសិក្សាដែលជួយគាំទ្រ និង​ផ្តល់អត្ថប្រយោជន៍​ជាច្រើនដល់សុខភាពជាផ្លូវការ និង​កម្មវិធីប្រឹក្សាយោបល់ ដែលជាកម្មវិធីសំខាន់ក្នុងការផ្ដល់យោបល់ផ្នែកអប់រំ (learning to learn) សុខភាពផ្លូវចិត្ត (learning to live) និងមុខជំនាញការងារ (learning to work)។ កម្មវិធីទាំង2 នេះ​ត្រូវបានដំណើរការពេញលេញ​នៅឆ្នាំ 2018 ក្នុងគោលបំណង​លើកកម្ពស់​សុខភាព​ផ្លូវកាយ និងផ្លូវចិត្ត​របស់សិស្សានុសិស្ស​ដើម្បីទទួលបានលទ្ធផលការសិក្សាល្អ ជោគជ័យក្នុងការងារ និងទំនាក់ទំនងសង្គម ហើយកម្មវិធីនេះត្រូវបានបន្ថែមទៅក្នុងកម្មវិធីសិក្សា​ ឱ្យស្របតាមផែនការយុទ្ធសាស្រ្ត​របស់ក្រសួង អប់រំ យុវជន និងកីឡា។

លោក តែ ឡាយ បានមានប្រសាសន៍ថា៖ «​សម្រាប់សាលារៀនវ៉េស្ទឡាញន៍ នាពេលបច្ចុប្បន្ន កម្មវិធីអប់រំសុខភាពនេះ យើង​បានធ្វើជាមួយសិស្សចាប់ពីថ្នាក់មត្តេយ្យ​ឡើងទៅ តែសម្រាប់កម្មវិធីប្រឹក្សាសុខភាពផ្លូវចិត្ត យើងអនុវត្ត​ច្រើនជាមួយសិស្ស​ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង ព្រោះបើតាមទិន្នន័យពីអង្គការការីតាស បានបង្ហាញថា ជាង 40% នៅកម្ពុជាជាយុវវ័យមានបញ្ហាផ្លូវចិត្ត»។

លោក តែ ឡាយ បានបញ្ជាក់ផងដែរថា បើតាមទិន្នន័យនេះ យុវវ័យកម្ពុជាមានបញ្ហាសុខភាពផ្លូវចិត្តច្រើនព្រោះពួកគេរស់នៅក្នុងស្ថានភាព​ដែលសង្គមមានការរីកចម្រើនខ្លាំង ដែលប្រឈមជាមួយបញ្ហាផ្សេងៗជាច្រើន ដូចជាបញ្ហាសង្គម និងបច្ចេកវិទ្យាជាដើម។ ហេតុនេះហើយ​ទើបយើងព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើយ៉ាងណាឱ្យពួកគេទទួលបានសេវាប្រឹក្សាយោបល់​ពីអ្នកជំនាញ​ច្បាស់លាស់ ដើម្បីកាត់បន្ថយបញ្ហា ហើយជំរុញឱ្យ​ស្ថានភាពផ្លូវចិត្តកាន់តែរឹងមាំ និងវិជ្ជមានឡើង។ ដើម្បីពង្រឹងលើការអប់រំក្នុងកម្មវិធីសិក្សាសំខាន់ៗទាំង2 ខាងលើនេះ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បាន​ចុះអនុស្សរណយោគយល់គ្នាជាមួយ​អង្គការ រ៉ាក់ លើកម្មវិធីអប់រំសុខភាពបន្តពូជ និង​មន្ទីរសម្រាកព្យាបាល​រោគកុមារ ម៉ាកស៊ីឃែរ លើកម្មវិធីអប់រំសុខភាពកុមារ កាលពី​ចុងខែមករា ឆ្នាំ2019 នេះ។

លោកស្រី ឆាយ គឹមសុទ្ធាវី ប្រធាន​នាយកដ្ឋានអប់រំសុខភាពសិក្សានៃក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា ការចូលរួមចំណែករបស់គ្រឹះស្ថានរដ្ឋ និងឯកជនលើកម្មវិធី​អប់រំសុខភាពសិក្សា និងគ្រប់ផ្នែកពាក់ព័ន្ធនឹងសុខភាពនេះ គឺជាការចូលរួមចំណែកយ៉ាងប្រសើរក្នុងដំណើរការនៃការអនុវត្តកម្មវិធីលើកកម្ពស់សុខភាពអប់រំ ព្រោះការយកចិត្តទុកដាក់លើបញ្ហាសុខភាពក្នុងវិស័យ​អប់រំ​ជាបញ្ហាចម្បងមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

លោកស្រី ឆាយ គឺមសុទ្ធាវី បានមានប្រសាសន៍ថា៖ «​នៅបណ្តាប្រទេសមួយចំនួនគេ​យកកំណត់ច្បាប់ពាក់ព័ន្ធនឹងសុខភាពរបស់សិស្សានុសិស្សនេះ ព្រោះគេគិតថាវាជារឿងសំខាន់ខ្លាំងណាស់សម្រាប់ការអប់រំ និងសម្រាប់សង្គមទាំងមូល។ ចំពោះនៅប្រទេសយើងវិញ យើងក៏បានរៀបចំជាគោលនយោបាយផងដែរ ដើម្បី​ជំរុញឱ្យ​សិស្សានុសិស្សមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត ដែលជាបច្ច័យដ៏សំខាន់ក្នុងការ​អភវិវឌ្ឍសមត្ថភាពសិក្សា»។

លោក ប៉ិច ប៉ូឡែន ប្រធាននាយកប្រតិបត្តិ​នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា ការដាក់បញ្ចូលកម្មវិធីអប់រំសុខភាពសិក្សា និង​កម្មវិធីប្រឹក្សាយោបល់​ផ្នែកផ្លូវចិត្តនេះជាកម្មវិធីសំខាន់ដែលសាលារៀនវ៉េស្ទឡាញន៍ ​បានដាក់ចុះដើម្បីអនវុត្តឱ្យមានប្រសិទ្ធភាព និងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានឡើង​ចំពោះសិស្ស ព្រោះវាជាផ្នែកសំខាន់ដែលមិនអាចខ្វះបាន មិនមែន​ដាក់ដើម្បីតែធ្វើទីផ្សារ​នោះទេ។ យើងព្យាយាមគ្រប់លទ្ធភាពដើម្បីអភិវឌ្ឍបន្ថែមឱ្យកាន់តែប្រសើរឡើង និងស្វែងរកអ្នកជំនាញកាន់តែល្អដើម្បី​ជួយ​​ ដើម្បីធានាថា ​ការជួយរបស់យើងអាចដោះស្រាយបញ្ហាបានយ៉ាងពិតប្រាកដ និងកាត់បន្ថយផលប៉ះពាល់។​

លោក ប៉ិច ប៉ូឡែន បានមានប្រសាសន៍ថា៖ «ក្រៅពីការអប់រំសុខភាពផ្លូវកាយ ការអប់រំផ្លូវចិត្តក៏ជារឿងសំខាន់មួយដែលយើងកំពុងយកចិត្តទុកដាក់។ យើងព្យាយាមធ្វើយ៉ាងណាឱ្យ​ដំណោះស្រាយរបស់យើងមានប្រសិទ្ធភាព និងស្របតាម​ជំនាញច្បាស់លាស់ ចៀសវាង​ធ្វើហើយប៉ះពាល់ទៅវិញ ព្រោះប្រសិនបើមានការផ្សព្វផ្សាយមិនល្អ វាអាចជះផលអវិជ្ជមានដល់​សិស្ស និងយុវវ័យទៅវិញទេ»។

លោក ប៉ិច ប៉ូឡែន ក៏បានជំរុញឱ្យបុគ្គលិករបស់ខ្លួនបង្កើនកិច្ចសហការល្អ ជាមួយ​ក្រសួង និងអ្នកជំនាញនានាដើម្បី​ជួយ​ឱ្យការដោះស្រាយបញ្ហាផ្នែកផ្លូវកាយ និងផ្លូវចិត្តកាន់តែប្រសើរឡើងសម្រាប់​យុវវ័យ លើគ្រប់រូបភាព ជាពិសេស​លើការផ្សព្វផ្សាយ​នានា៕

Advertisement