តិចច្រឡំដុតផាវ​ថ្ងៃចូលឆ្នាំចិន!! ឆ្នាំនេះសាលារាជធានីភ្នំពេញ​នៅតែចេញ​បម្រាម​មិនឱ្យ​ដុតផាវ

សាលារាជធានីភ្នំពេញ​បានចេញសេចក្តីជូនដំណឹង​នៅថ្ងៃទី29 ខែមករា ម្សិលមិញ ឱ្យ​មន្ត្រីនៅមូលដ្ឋាន​រៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយ​សាធារណៈ​ក្នុងឱកាស​ចូលឆ្នាំចិ​ន និងវៀតណាមនេះឱ្យបានល្អ។

នៅក្នុងសេចក្តីជូនដំណឹងនោះ សាលារាជធានីបាន​ធ្វើការណែនាំដល់មន្ទីរអង្គភាពទាំងអស់​ចំនួន 7ចំណុចសំខាន់ៗដូចជា៖

ទី1- ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ​ក្នុងឱកាសពិធីបុណ្យនេះ។ ហាមមិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង និង​រាល់ការហែក្បួនផ្សេងៗទាំង​បែបសាសនា ឬប្រពៃណីត្រូវសុំការអនុញ្ញាតជាមុន។

ទី2- នៅគ្រប់ទីកន្លែង​កម្សាន្តសប្បាយ​ មន្ទីរ អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ត្រូវប្រុងប្រយ័ត្ន​ក្នុងការអុចទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន​ ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើង។ ដោយឡែកការដុតក្រដាសសែន​ត្រូវប្រើធុងដែក ឬឆ្នាំដីដើម្បីដុត ហាមដាច់ខាតមិនឱ្យ​ដុតលើចិញ្ចើម​ផ្លូវ​ ឬទ្រូងផ្លូវសាធារណៈ។

ទី3- ចាប់ពីពេលនេះតទៅអាជ្ញាធរ​មានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការ​ឱ្យបានម៉ឹងម៉ាត់​បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ​តាមច្រកចូលរាជធានីភ្នំពេញ និងត្រូវ​ត្រួតពិនិត្យ​និងដកហូតវត្ថុទាំងនោះ បើមានតាំងលក់គ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

ទី4- គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយ​ណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។

ទី5- មន្ទីរធម្មការ និងសាសនា​រាជធានីត្រូវអញ្ជើញសមាគមចិន និងវៀតណាម មកដើម្បីផ្សព្វផ្សាយ​ជូននូវខ្លឹមសា​រ​ខាងលើឱ្យបានទូលំទូលាយ។

ទី6- ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន​យោធភូមិភាគ​ពិសេស​ត្រូវចេញបទបញ្ជាឱ្យបានម៉ឹងម៉ាត់​ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យ​មាន​ប្រសិទ្ធភាព។

ទី7- ជនណាបំពាន​លើសេចក្តីណែនាំ​នេះ ឬប្រព្រឹត្តល្មើស​ បង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់​សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ​ ត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

Advertisement