កុំឱ្យរំលងភាពយន្ដល្អមើលរឿង «ម៉ាដាមអាប» ផ្ទុះសំណើចពីដើមដល់ចប់

ផលិតកម្មក្លាស៊ិកបានទម្លាយភាពយន្តខ្នាតធំថ្មីរបស់ខ្លួនមួយរឿងទៀត មានចំណងជើងថា «ម៉ាដាមអាប» ដែលជារឿងបែបភ័យរន្ធត់ ព្រឺព្រួច និងកំប្លែងសើចតាំងពីដើមរហូតដល់ចប់ ខណៈដែលទើបតែដាក់សម្ផោធនៅថ្ងៃទី 28 ខែមករា នេះ គេមើលឃើញថា ទាំងសាច់រឿងល្អ ហើយឈុតឆាកសុទ្ធតែបង្កប់ពាក្យពេចន៍ផ្ទុះសម្ដីគ្រប់ប្លង់ រហូតដល់អ្នកទស្សនាលាន់មាត់ថា រឿងមួយនេះល្អមើលមិនចាញ់រឿងប្រទេសជិតខាងឡើយ។ គេរំពឹងថា នឹងទទួលបានជោគជ័យខ្ពស់ ហើយទាក់ទាញហ្វេនៗឱ្យទស្សនារហូតដល់កក់សំបុត្រមិនទាន់។

ចាងហ្វាងផលិតកម្មក្លាស៊ិកលោក ហួរ សុផល បានប្រាប់ថា ផលិតកម្មក្លាស៊ិកផលិតរឿងបាន 8 មកហើយ ព្រមទាំងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ ពោលគឺ សុទ្ធសឹងជារឿងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ហើយលោកក៏គ្រោងផលិតរឿងធំទី9 បន្ដទៀត ដែលសម្រិតសម្រាំងតួសម្ដែងល្បីៗ និងប្រកបដោយទេពកោសល្យសិល្បៈ។ លោក​ថា រឿង«ម៉ាដាមអាប»ចំណាយពេលថត1ឆ្នាំ ព្រោះត្រូវចំណាយពេលចុះទៅរើសទីតាំងថតដល់ទៅ 5កន្លែងដូចនៅប្រាសាទទន្លេបាទី នៅអមលាំងក្នុងបាតជ្រោះ ថតនៅផ្ទះបុរាណខ្មែរ និងថតនៅព្រែកចាកខេត្តកំពត។ យ៉ាងណាមិញ លោក សុផល បានធ្វើការបកស្រាយថា មកទល់សម័យ2019 ហើយ ហេតុអ្វីបានជាងាកទៅផលិតរឿងអាបបែបបុរាណហើយស្រែៗបែបនេះទៅវិញ?។ លោកថា ការពិតអ្វីដែលលោកខំធ្វើដើម្បីបង្ហាញអបិជំនឿរបស់ខ្មែរ និងច្នៃច្របាច់គ្នាដូចជាប្រភេទជាអាប ខ្មោចនាងនាថ ខ្មោចដើមចេកជ្វា និងព្រះម៉ែនាគ ព្រោះចង់ឲ្យ​ខុសគេ ដោយសារផលិតករផ្សេង គេច្រើនផលិតរឿងខ្មោចតាមច្នៃរៀងៗខ្លួន។

គួរបញ្ជាក់ផងដែរថា ភាពយន្ដល្អមើលមួយនេះ មានវត្តមានសម្ដែងដោយតារាល្បីៗដូចជា អ្នកនាង កាតុ ញឹម ចាន់ថន ឌីជេម៉ៃ កញ្ញាស៊ីស៊ី​ រំដួលលិចទឹក នាយព្រែក តារាហ្វេសប៊ុក ចៅខ្មែរ លោក ឈួន ពន្លឺ និងតារាល្បីៗជាច្រើនរូបទៀត។ សូមជម្រាបដែរថា រឿង «ម៉ាដាមអាប» នឹងចាក់បញ្ចាំងចាប់ពីថ្ងៃ31 មករា ឆ្នាំ2019 គ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបផងដែរ។ តាមរយៈការទស្សនារួចហើយ ក្រោយកម្មវិធីបញ្ចប់ និងគិតថា រឿងនេះក្រោយចាក់បញ្ចាំងហើយ ពិតជាទាក់ទាញមិត្តអ្នកទស្សនា ជាពិសេសយុវវ័យនាំគ្នាមកទស្សនាកម្សាន្តពេលសម្រាកពីការងារការសិក្សា៕

Advertisement