សូមចូលរួមរំលែកទុក្ខ កញ្ញាខេមរៈ ស្រីពៅ ប្អូនស្រីលោកខេមរៈ សេរីមន្ត ទទួលមរណភាពនៅថ្ងៃនេះ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលស្ងាត់ដំណឹងពីបញ្ហាមានជំងឺរបស់ ខេមរៈ ស្រីពៅ ស្រាប់តែមានការទទួលស្គាល់ថា នាងបានស្លាប់ហើត។ លោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង1រសៀលថ្ងៃ25ខែមករា ឆ្នាំ2019 នេះ កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោកបានទទួលមរណភាពហើយ។

លោកខេមរៈ ភារុណ បានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់ កញ្ញា ខេមរៈ ស្រីពៅ ដោយសរសេរខ្លីយ៉ាងដូច្នេះថា «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ» ហើយលោកបានរៀបរាប់ដោយក្តុកក្តួលថា «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ»។

តាមការបញ្ជាក់ពីប្រភពអ្នកសិល្បៈបានឱ្យដឹងថា សពរបស់តារាចម្រៀងស្រីរូបនេះនិងតម្កល់នៅផ្ទះជិតវត្តសំរោងអណ្ដែត។ ខេមរៈ ស្រីពៅ បានមរណភាពនៅប្រទេស ឥណ្ឌា ។ គួររំឭកផងដែរថា កាលពីអំឡុងខែ កញ្ញា  ឆ្នាំ 2018 នេះ លោក ខេមរៈ សិរីមន្ដ បានបង្ហោះសារយ៉ាងក្ដុកក្ដួលចិត្តថា ៖ «ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កម្សត់ម្នាក់នេះ មិនដែលចង់ឃើញ Fan ដែលគាំទ្រគាត់ពិបាកចិត្ត ព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយ គាត់ចង់ឃើញFan គាត់រីករាយគ្រប់ពេលវេលា តែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយ ខ្ញុំជាបងប្រុសជូនពរប្អូនឲ្យ ឆ្លងផុតពេលវេលាដ៏លំបាកនេះ បើបងប្អូនស្រលាញ់ និងគាំទ្រគាត់សូមជូនពរគាត់ឲ្យឆ្លងផុតគ្រោះនេះផង ដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បៈវិញណា»។

ជាអកុសល ប្អូនស្រីលោកបានមរណភាពហើយ ដែលការស្លាប់របស់ ខេមរៈ ស្រីពៅ បានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការសោកស្ដាយយ៉ាងខ្លាំងពិសេសក្រុមគ្រួសារនាងតែម្ដង។ ទាក់ទងនឹងការស្លាប់នេះដែរប្រពន្ធ ខេមរៈ ភារុណ សូមមិនប្រាប់អំពីមូលហេតុនៃជំងឺឡើយ គ្រាន់តែគេដឹងថា បានធ្លាក់ខ្លួនឈឺរយៈពេល 4ឆ្នាំមកហើយ ។  សូមគោរពវិញ្ញាណក្ខន្ធ ខេមរៈ ស្រីពៅ អញ្ជើញទៅសុគតិភព៕

Advertisement