Ederson ទៅដល់អង់គ្លេស ដើម្បី​ការ​ផ្ទេរ​ទៅ Man City

អ្នក​ចាំ​ទី​ Ederson របស់ក្លិប Benfica បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Manchester ហើយ ដើម្បី​បំពេញការផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន (ស្មើ​នឹង​៤៥លាន​ដុល្លារ) របស់​គេទៅកាន់ក្លិប Man City​។

ក្លិប​​យក្ស​របស់​អង់គ្លេស​មួយនេះនៅ​តែ​ត្រូវ​ធ្វើ​​ការដោះស្រាយ​​ទៅលើ​តម្លៃខ្លួន​​ដ៏ស្មុគស្មាញ​លើ​បញ្ហា​ភាព​ជា​កម្ម​សិទ្ធិ​​ភាគី​ទី​៣​ របស់​​អ្នក​ចាំ​ទី​វ័យ​២៣ឆ្នាំ​រូបនេះ ប៉ុន្តែ Ederson បាន​ទទួលការ​ត្រួត​ពិនិត្យ​សុខ​​ភាព​រួច​ជា​ស្រេចហើយ ដើម្បីបំពេញការ​ផ្ទេរ​កាលពីថ្ងៃ​ព្រហស្បតិ៍​​។ ក្លិប Benfica បាន​អះ​អាង​ថា ការ​ចរ​ចា​ផ្សេង​ៗ​ទៅលើ​ការ​ដោះស្រាយ​​លើ​បញ្ហា​ភាព​ជាកម្ម​សិទ្ធិ​​នេះត្រូវ​បាន​បំពេញ​ជា​ផ្លូវការហើយ​​។

Benfica បាន​ចេញ​សេចក្តីថ្លែង​ការណ៍មួយកាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​មួយ​ជា​មួយ​នឹង​ក្លិប​យក្ស​របស់​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ ដើម្បីលក់​អ្នក​ចាំ​ទី Ederson ក្នុង​តម្លៃ​ខ្លួន​៤០​លាន​អឺ​រ៉ូ (ស្មើ​នឹង ៣៥លានផោន ឬ​៤៥លាន​ដុល្លារ​អាមេរិក​)។ កាលពី​​សប្តាហ៍មុន លោក Antonio Silva Campos ប្រធាន​​អតីតក្លិប​របស់ Ederson គឺ​ក្លិប Rio Ave បានប្រកាស​ថា ពួក​គេ​​នៅមាន​សិទ្ធិ​​៣០​ភាគ​រយ​លើ​តម្លៃ​ខ្លួន​លក់​ចេញ​របស់​អ្នក​ចាំ​ទី​រូប​នេះ ហើយ​ក្រុមហ៊ុន​ភ្នាក់​ងារ​ដោះ​ដូរ​របស់​​លោក Jorge Mendes មាន​​​កម្មសិទ្ធិ​២០​ភាគរយ ខណៈ​ដែល​ក្លិប Benfica មាន​កម្ម​សិទ្ធិ​​៥០​​ភាគ​រយ​។ សម្រាប់ Man City វិញ អ្នក​ចាំ​ទី Joe Hart បានចំណាយ​ពេល​​ក្នុង​រដូវកាល​នេះក្នុងនាម​ជា​កីឡាករ​កម្ចី​នៅ​ឯ​ក្លិប Torino ហើយ​អ្នកចាំ​ទីអន្តរ​ជាតិ​អង់​គ្លេស​រូបនេះ អាច​នឹង​ចាក​ចេញពី Man City ក្នុង​កុង​ត្រា​​ជា​អចិន្ត្រៃយ៍​ ក្រោយ​ពី​ការ​ផ្ទេរ​ចូលរបស់ Ederson។

Ederson នឹងក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​២​នា​រដូវក្តៅ​នេះ​របស់ Man City ក្រោយ​ពី​ក្លិបមួយនេះ​បានចុះ​ហត្ថ​លេខា​ជាមួយ​នឹង​ខ្សែ​បម្រើ Bernardo Silva របស់​ក្លិប Monaco ក្នុង​តម្លៃ​ខ្លួន​៤៣,៦លាន​ផោន​៕

ប្រភព​ពី៖ Daily Mail

 

 

 

Advertisement