ម្ដាយកំពូលតារាសម្ដែងស្រីអ្នកនាង ស្វែង សុជាតា ទទួលមរណភាព

ពិតជាសោកសៅ ខណៈតារាសម្ដែងមាននិស្ស័យជាតួកាចនិងតួកំសត់ អ្នកនាង ស្វែង សុជាតា កំពុងតែជួបទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត ដែលបាត់បង់អ្នកម្ដាយដែលជាទីស្រឡាញ់ និងគោរពរបស់ខ្លួន។

នៅថ្ងៃទី8 ខែមករា ឆ្នាំ2019 នេះ អ្នកនាង ស្វែង សុជាតា បានបង្ហាញសារ ជួបទុក្ខក្នុងគ្រួសារក្នុងពាក្យពេចន៍ រៀបរាប់ខ្លី ភ្ជាប់មកជាមួយរូបដូនចាស់ ដែលអ្នកនាង ហៅពេញមាត់ ថាអ្នកម្ដាយ បានតម្កល់ក្នុងមឈូសថា «សូមវិញ្ញាណក្ខន្ធអ្នកម្តាយ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

សូមជម្រាបថា អ្នកនាង ស្វែង សុជាតា ជាតារាសម្តែងពោរពេញដោយទេពកោសល្យ និងទទួលបានការកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យសិល្បៈសម្ដែងជាយូរណាស់មកហើយ។ តារាស្រីរូបនេះ ត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាស្រីជើងចាស់មួយរូបដែលមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង មិនថាជាតួកាចឆ្នាស់ ឬតួស្លូតបូតកម្សត់នោះឡើយ ដែលជាហេតុធ្វើឱ្យអ្នកនាងអាចឈានជើងចូលសម្ដែងក្នុងវិស័យភាពយន្តហូលីវូដបានយ៉ាងងាយ។

ខណៈកំពុងជួបទុក្ខក្រៀមក្រំ មហាជន​ជាច្រើន​បានការផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​សោកសៅ​ និងឧទ្ទិសឱ្យវិញ្ញាណក្ខន្ធម្ដាយអ្នកនាង បានអញ្ជើញទៅកាន់សុគតិភព៕

Advertisement