លោក Wenger យល់ព្រមបន្តកុងត្រារយៈពេល២ឆ្នាំទៀតជាមួយក្លិប Arsenal

លោក Arsene Wenger គ្រូបង្វឹករបស់កាំភ្លើងធំ Arsenal បានយល់ព្រមចុះកុងត្រាថ្មីរយៈពេល២ឆ្នាំទៀត ដើម្បីបន្តរជ្ជកាលរយៈពេល២១ឆ្នាំរបស់លោកក្នុងក្លិបនេះ។ លោក Wenger និងម្ចាស់កម្មសិទ្ធិក្លិបគឺលោក Stan Kroenke បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ដើម្បីកំណត់ទៅលើអនាគតរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ខណៈដែលការសម្រេចចិត្តផ្សេងៗគឺអាស្រ័យទៅលើប្រធានតំណាងផ្នែកនីមួយៗទាំងស្រុងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាកាលពីថ្ងៃអង្គារ ម្សិលមិញ។ ក្លិប Arsenal កំពុងតែមានផែនការក្នុងការធ្វើការប្រកាសរឿងនេះជាផ្លូវការនៅថ្ងៃពុធនេះ។

ក្រុមកាំភ្លើងធំមួយនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នៅលើតារាងនៃក្របខ័ណ្ឌ Premier League នារដូវកាលនេះ ហើយនេះគឺជាការបញ្ចប់ក្រៅចំណាត់ថ្នាក់កំពូលទាំង៤ជាលើកទី១ក្រោមការដឹកនាំរបស់លោក Wenger បើគិតចាប់តាំងពីឆ្នាំ១៩៩៦មក។ ពួកគេបានបញ្ចប់រដូវកាលដោយដេញតាមពីក្រោយក្រុមម្ចាស់ជើងឯក Chelsea រហូតដល់ទៅ១៨ពិន្ទុ ប៉ុន្តែបានផ្តួលក្រុមតោខៀវមួយនេះ ក្នុងលទ្ធផល ២-១ ដើម្បីឈ្នះពាន FA Cup នៅកីឡាដ្ឋាន Wembley កាលពីថ្ងៃសៅរ៍។ កិច្ចសន្យារបស់លោក Wenger នឹងត្រូវផុតកំណត់នៅចុងរដូវកាលនាពេលបច្ចុប្បន្ននេះ។

លោក Wenger បានដឹកនាំឲ្យក្រុមកាំភ្លើងធំឈ្នះពានក្របខ័ណ្ឌ Premier League ៣លើក និងពាន FA Cup ៣លើកក្នុងរយៈពេល៩រដូវកាលដំបូងរបស់លោកក្នុងនាមជាគ្រូបង្វឹក។ កាលពីរដូវកាលឆ្នាំ២០០៣-២០០៤ លោកបានក្លាយជាអ្នកចាត់ការទូទៅដំបូងគេចាប់តាំងពីរដូវកាលឆ្នាំ១៨៨៨-១៨៨៩ ក្នុងការដឹកនាំឲ្យក្រុមមួយឆ្លងផុតក្របខ័ណ្ឌកំពូលក្នុងរដូវកាលទាំងមូលដោយការមិនស្គាល់ចាញ់សោះ៕

ប្រភពពី៖ BBC

Advertisement