កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ផ្នែក STEM ដើម្បី​សម្រេច​គោលដៅ Smart City

កម្ពុជា​ជា​សមាជិក​របស់​អាស៊ាន ដែលជា​តំបន់​ប្រកបដោយ​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​មួយ​ក្នុង​ពិភពលោកហេតុនេះ​កម្ពុជា​កំពុងស្ថិត​ក្នុងចរន្ត​វិជ្ជមាន​មួយ​របស់​អាស៊ាន គឺ​ការជំរុញឱ្យ​ប្រទេសជា​សមាជិក​ទាំងអស់​ភ្ជាប់​ទំនាក់ទំនង​គ្នា​ឱ្យបាន​ល្អ និង​បង្កើត​ទីក្រុង​ឆ្លាត​វៃ (smart city)។ ការអនុវត្ត​គោលការណ៍​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​វិធី​ដ៏​សំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រទេស​ក្នុង​តំបន់​ទាំងអស់​ត​ភ្ជាប់​សេដ្ឋកិច្ច ប្រជាជន និង​វប្បធម៌​តាមរយៈ​បច្ចេកវិទ្យា​សម័យថ្មី និង​អាចជួយ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​រវាង​ប្រទេស​ទាំង10 ទៀតផង។

នៅ​កម្ពុជា យើង​បានកំណត់​យក​ទីក្រុងសំខាន់ៗចំនួន 3 គឺ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​បាត់ដំបង ជាទី​ក្រុង​ឆ្លាត​វៃ (smart city)។ ទីក្រុង​ទាំងអស់នោះ​នឹង​រៀបចំ ហើយ​ប្រែក្លាយ​ខ្លួន​បន្តិចម្តងៗទៅជា​ទីក្រុង​ស្តង់ដារ​មួយ​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា ដែលមាន​ការគ្រប់គ្រង រចនាសម្ព័ន្ធ​ផ្នែក​ទន់ និង​ផ្នែក​រឹង​មាន​ភាព​ឆ្លាត​វៃ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា។ រដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជននិង​កីឡា លោកជំទាវ គឹម សេដ្ឋា​នី បាន​លើកឡើងថា ក្នុង​ពិភពលោកបច្ចុប្បន្ននេះ ការរស់នៅ​ត្រូវការជា​ចាំបាច់​នូវ​បច្ចេកវិទ្យា​ទំនើប ខុស​កាលពី​ប៉ុន្មាន​ឆ្នាំមុន។

កាលពី​ប្រមាណ5ឆ្នាំមុន មនុស្សរ​ស់បែប IOP (Internet of People)មានន័យថា មនុស្ស​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ទំនាក់ទំនង​ជាមួយ​មនុ​ស្សដើម្បីឱ្យ​ការរស់នៅ​កាន់​តែមាន​លក្ខណៈ​ងាយស្រួលប៉ុន្តែ​បច្ចុប្បន្ននេះ គេ​រស់នៅក្នុង​របត់​ថ្មី​មួយ​គឺ IOT (Internet of thing) មានន័យថា មនុស្ស​មិន​ត្រឹមតែ​ប្រើប្រាស់​អុិន​ធើ​ណិ​ត​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ម​នុស្ស​ទេ តែ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយឧបករណ៍​អេឡិចត្រូនិក​ឆ្លាត​វៃ​ជាច្រើន​ទៀត។ នៅក្នុង​បរិបទ IOT នេះ គឺ​ទីក្រុង​ទាំងអស់​មិនមាន​ភាពលំបាក​ក្នុងការ​គ្រប់គ្រង​ទេ រាល់​បញ្ហា​អសន្តិសុខ ជនល្មើស​មិនអាច​គេច​ទៅណា​រួច​ទេ ព្រោះ​អ្នកគ្រប់គ្រង​តំបន់​អាច​គ្រប់គ្រង​គ្រប់​សកម្មភាព​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​ដែលមាន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង។ អ្នក​ប្រ​ព្រឹទ្ធ​ល្មើស​នឹងមិន​លំបាក​តាមរក​មុខទៀត​ទេ ដោយ​គេ​គ្រាន់តែ​មើល​ពី​បន្ទប់​គ្រប់គ្រង​ព័ត៌មាន គឺអាច​ដឹងបាន​ទាំងអស់។ លើសពីនេះ​ទៀត ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​ទីក្រុង​នឹងត្រូវ​គ្រប់គ្រង​ដោយ​បច្ចេកវិទ្យា ឬ​ដំណើរការ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ។ ឧទាហរណ៍​ប្រសិនបើ​គម្រប​លូ​ធ្វើ​ហើយ​បិទមិន​ជិត ប្រព័ន្ធ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​នឹង​ប​ញ្ចូ​ន​ព័ត៌មាន​នោះ​ដល់​អ្នកគ្រប់គ្រង​របស់​វា​ភ្លាម ធ្វើឱ្យ​មិន​បង្កឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ។

លោកជំទាវ គឹម សេដ្ឋា​នី បាន​មានប្រសាសន៍ថា៖ “ប្រព័ន្ធ​ស្វ័យប្រវត្តិ​ក្នុងការ​គ្រប់គ្រង​ទីក្រុង​ទាំងអស់នេះ គេ​ហៅថា​ទីក្រុង ឆ្លាត​វៃ (smart city)។ នៅ​កម្ពុជា​យើង​នឹង​រៀបចំ​ទីក្រុងសំខាន់ៗ 3កន្លែង ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ គឺ​ភ្នំពេញ សៀមរាប និង​បាត់ដំបងហេតុនេះ​ទើប​យើង​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​ដើម្បី​សម្រេច​គោលដៅ​នេះ”។

លោកជំទាវ​រដ្ឋលេខាធិកា​រ​បានលើកឡើង​ផងដែរ​ថា ប្អូនៗយុវវ័យ និង​អ្នក​ជំនាន់​ថ្មី​របស់​កម្ពុជា​ដែល​កំពុង​យកចិត្តទុកដាក់​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) នឹង​ក្លាយជា​សសរទ្រូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​នាពេល​អនាគត។ ហេតុនេះ​យុវវ័យ​ចាំបាច់​ត្រូវខិតខំ​ប្រឹងប្រែង​ដុសខាត់​សមត្ថភាព​ដើម្បី​ចេះ​រៀន ស្រាវជ្រាវ និង​បង្កើត​សមិទ្ធផលថ្មីៗសម្រាប់​សង្គម៕

Advertisement