Huddersfield ឈ្នះកៅអីទៅ Premier League ក្រោយពីផ្តួល Reading ដោយប៉េណាល់ទី

ក្រុម Huddersfield Town បានឈ្នះសិទ្ធិទៅប្រកួតក្របខ័ណ្ឌ Premier League ក្នុងរដូវកាលដ៏រំភើបមួយ ខណៈដែលគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Christopher Schindler បានជួយឲ្យក្រុមរបស់ខ្លួនទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-៣ លើក្រុម Reading ក្នុងការប្រកួតក្របខ័ណ្ឌ Championship វគ្គ Playoff ផ្តាច់ព្រ័ត្រ កាលពីថ្ងៃចន្ទ។

ក្រុមរបស់លោក David Wagner នឹងត្រូវឡើងទៅលេងក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសជាលើកទី១ក្នុងរយៈពេល៤៥ឆ្នាំ ក្រោយពីធ្វើបានយ៉ាងល្អក្នុងពេលស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Wembley។ ការឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Premier League របស់ក្រុម Huddersfield នឹងធ្វើឲ្យពួកគេទទួលបានចំណូលយ៉ាងហោចណាស់១៧០លានផោន (ស្មើនឹង២១៨លានដុល្លារអាមេរិក) ហើយតួលេខនេះអាចនឹងកើនឡើងរហូតដល់ទៅ២៩០លានផោន ប្រសិនបើក្លិបនេះគេចផុតពីការធ្លាក់ចេញនៅរដូវកាលបន្ទាប់។ លោក Wagner បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ និងពិតជាមានមោទនភាពចំពោះកីឡាកររបស់ខ្ញុំ ក៏ដូចជាគ្រប់គ្នាក្នុងក្លិបនេះខ្លាំងណាស់។ កីឡាកររបស់យើងបានធ្វើយ៉ាងល្អឥតខ្ចោះ អំឡុងពេលនៃការប្រកួតវគ្គ Playoff នេះ»។

លោក Wagner ដែលបានដឹកនាំឲ្យក្រុម Huddersfield បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ មានអារម្មណ៍ថា ការឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Premier League របស់ក្លិបនេះ អាចជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយរបស់ក្រុមរបស់ខ្លួន៕

ប្រភពពី៖ Reuters

Advertisement