របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលចេញផ្សាយដោយធនាគារពិភពលោក (World Bank) កាលពីពេលថ្មីៗនេះ បានលើកឡើងថា ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកប្រទេសរបស់ខ្លួនកម្ពុជានៅដើរពីក្រោយថៃ និងវៀតណាមឆ្ងាយនៅឡើយក្នុងវិស័យទេសចរណ៍។ ក្នុងរបាយការណ៍បានបញ្ជាក់ថា “នេះបង្ហាញពីការដែលកម្ពុជាមិនទាន់ជោគជ័យខ្លាំង និងខកខានមិនបានទាញយកប្រ-យោជន៍ក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសជិតខាងឱ្យបន្តចូលមកប្រទេសខ្លួនបានច្រើននៅឡើយ”។
នៅឆ្នាំ2017 កម្ពុជាស្រូបបានភ្ញៀវទេសចរអន្តរជាតិ 5.6លាននាក់ ខណៈថៃទទួលបានទេសចរ 35.4លាននាក់ និងវៀតណាម 12.9លាននាក់។ បើច្របាច់បញ្ចូលគ្នាជាមួយប្រទេសជិតខាងទាំងនេះកម្ពុជាចាប់យកភាគរយភ្ញៀវទេសចរបានប្រមាណតែ 10%ប៉ុណ្ណោះ រីឯភ្ញៀវទេសចរដែលចូលពីប្រទេសវៀតណាមមកលេងកម្ពុជាមានត្រឹមតែ 5%ប៉ុណ្ណោះ និងទេសចរថៃចូលមកកម្ពុជាមានចំនួន13.5%។ នេះជាការបង្ហាញនៅក្នុងរបាយការណ៍នោះ។
របាយការណ៍នោះនៅបានបង្ហាញទៀតថា ច្រើនជាង 80%នៃទេសចរបរទេសដែលមកកម្ពុជា គឺជាភ្ញៀវថ្មីសុទ្ធសាធ ឬភ្ញៀវដែលមកកម្ពុជាលើកដំបូង។ នេះក៏ព្រោះផលិតផល និងគោលដៅទេសចរណ៍របស់កម្ពុជានៅមានកម្រិត។ របាយការណ៍បន្ថែមថាកម្ពុជាអាចរៀនសូត្រពីវៀតណាម ដែលបានអនុវត្តកំណែទម្រង់នៅឆ្នាំ2016 និងបានធ្វើឱ្យទេសចររបស់គេកើន30%។ កំណែទម្រង់ទាំងនោះ រួមមានការអនុវត្តច្បាប់ទេសចរណ៍ គោលនយោបាយលើកទឹកចិត្តការវិនិយោគក្នុងវិស័យទេសចរណ៍ និងលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម។
ធនាគារពិភពលោកបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា កម្ពុជាត្រូវអភិវឌ្ឍយុទ្ធសាស្ត្រដើម្បីទាក់ទាញទេសចរអន្តរជាតិ ព្រមជាមួយការតភ្ជាប់ទៅនឹងទីតាំងទេសចរណ៍សំខាន់ៗរបស់ថៃ និងវៀតណាម។
កម្ពុជាគួរចាំបាច់ដាក់ចេញគោលនយោបាយដើម្បីជំរុញកំណើនទេសចរឱ្យចំៗតែម្ដង។ របាយការណ៍បានលើកឡើងដូច្នេះថា៖ “គោលនយោបាយគួរតែមើលទៅលើផ្នែកនៃតម្រូវការលើសពីអ្វីដែលផ្ដល់ឱ្យទេសចរនៅថៃ និងវៀតណាម។ ទីផ្សារសក្ដានុពលទំនងជាត្រូវរួមបញ្ចូលអេកូទេសចរណ៍ ជាពិសេសទេសចរណ៍បែបទស្សនាសត្វព្រៃ ដើរព្រៃ ឡើងភ្នំ ខណៈទឹកដីកម្ពុជាគ្របដណ្ដប់ដោយតំបន់ឧទ្យាន និងតំបន់អភិរក្សយ៉ាងធំ ហើយពោរពេញដោយជីវចម្រុះ”។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីវិស័យទេសចរណ៍ របាយការណ៍នេះស្នើឱ្យបង្កើនសក្តានុពលវិស័យទេសចរណ៍ តាមរយៈការបង្កើនតំបន់គោលដៅ និងផលិតផលសម្រាប់អ្នកទេសចរណ៍ និងតាមរយៈការតភ្ជាប់ទំនាក់ទំនងគ្រួសារនៅជនបទទៅនឹងខ្សែចង្វាក់ផ្គត់ផ្គង់វិស័យទេសចរណ៍។ របាយការណ៍នេះក៏បានផ្តល់អនុសាសន៍ផងដែរឱ្យផ្តល់នូវការគាំទ្របន្ថែមទៀតដល់កសិករនានាដែលបានទទួលរងផលប៉ះពាល់ដោយសារតែតម្លៃកសិផលធ្លាក់ចុះ ដែលកំពុងតែខិតខំស្វែងរកឱកាសប្រសើរជាងនេះដើម្បីចូលទៅកាន់ទីផ្សារ និងបង្កើនផលិតកម្មឱ្យបានច្រើនប្រភេទ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោក ហូ វណ្ឌី បានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា លោកទទួលស្គាល់ថា កម្ពុជាពិតជាសម្រេចបានកំណើនភ្ញៀវទេសចរមែន ដែលភាគច្រើនជាភ្ញៀវទេសចរចិន។ លោកបន្តថា៖ “គោលនយោបាយបើកចំហជើងមេឃរបស់ប្រមុខរាជរដ្ឋាភិបាល បានទទួលជោគជ័យដែលធ្វើឱ្យចំនួនក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍បានកើនឡើងយ៉ាងគំហុក”។ តែលោកបានបន្តថា អ្វីដែល WB និយាយនៅក្នុងរបាយការណ៍ គឺជារឿងដែលយើងត្រូវយកចិត្តទុកដាក់ ព្រោះថា ចំណុចខ្វះខាតដែលបានលើកឡើងនោះ គឺមកពីយើងនៅខ្វះចំណុចសំខាន់ៗមួយចំនួន ចំណែកគេៗមានចំណុចទាំងនោះដូចជាទី1-គេមានអាកាសចរណ៍ជាតិ(Thai Airline, Vietnam Airline) មានមធ្យោបាយដឹកជញ្ជូនផ្លូវ-អាកាសរបស់ជាតិ។ ទី2-ការិយាល័យទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មខ្លាំងក្លា។ ទី3-បណ្តាញមធ្យោបាយនៃការតភ្ជាប់ព័ត៌មានទំនាក់ទំនងទេសចរណ៍ច្រើន។ ទី4-បណ្តាញតភ្ជាប់មធ្យោបាយធ្វើដំណើរសម្បូរបែប មានផ្លូវដែក ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងទី5-ការលើកទឹកចិត្តដល់ជនបរទេសជាភ្ញៀវទេសចរ។
លោក ហូ វណ្ឌី បានបញ្ជាក់ថា ទោះជាយ៉ាងណាបើនិយាយពីការផ្គត់ផ្គង់ក្នុងស្រុកយើងមានដូចគ្នាតំបន់ទេសចរណ៍យើងមានដូចគ្នា ក៏ប៉ុន្តែគេឈានមុខ 5ចំណុចហ្នឹងឯង។ យើងមិនទាន់មានអាកាសចរណ៍ជាតិ និងការិយាល័យផ្សព្វផ្សាយពីទេសចរណ៍ឱ្យបានទូលំទូលាយជាដើម។ ដូច្នេះយើងត្រូវទទួលស្គាល់ខ្លួនឯងលើចំណុចខ្វះខាតនេះ។
ទោះជាយ៉ាងណា លោក ហូ វណ្ឌីបានមានប្រសាសន៍ថា៖“ក្នុងនាមជាអ្នករកស៊ីទៀងត្រង់មិនត្រូវ “ហៃអើ អាជ័យធ្លាក់ទឹក” នោះទេ ត្រូវហ៊ាននិយាយការពិត ពីចំណុចដែលយើងខ្វះខាត”។ តែកម្ពុជាត្រូវបានមើលឃើញថា បានធ្វើច្រើនហើយទាំងឯកជនក្តី ស្ថាប័នរដ្ឋក្តី ពិសេសបញ្ហាសណ្តាប់ធ្នាប់សាធារណៈ អនាម័យដែលបានពង្រីក និងពង្រឹងគួរឱ្យកត់សម្គាល់ តែក៏សូមសំណូមពរដល់រដ្ឋាភិបាលជាពិសេសថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ និងស្ថាប័នជំនាញត្រូវរៀបចំអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ និងផលិតផលទេសចរណ៍បន្ថែមទៀតផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា ក្នុងរយៈពេល 9ខែ ឬ3ត្រីមាសនៃឆ្នាំ2018 នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិមកលេងនៅតាមតំបន់រមណីយដ្ឋាននានាចំនួន 4,376,033នាក់។ ខណៈដែល 3ត្រីមាសកាលពីឆ្នាំ2017 ភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជាមានចំនួន 3,912,761នាក់។ នេះបង្ហាញឱ្យឃើញថា មានការកើនឡើងប្រមាណ11,8%។
របាយការណ៍បានបង្ហាញទៀតថា ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងជាង 4លាននាក់ដែលមកដល់កម្ពុជានោះ គេសង្កេតឃើញមានភ្ញៀវចូលតាមច្រកអាកាសយានដ្ឋានទាំង3 មានចំនួនច្រើនជាងគេរហូតដល់ទៅ 2,958,921នាក់ ឬប្រមាណជា 67%ឯណោះ។ ក្នុងនោះច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ គឺមានចំនួន1,432,499នាក់។ ចំណែកភ្ញៀវដែលចូលតាមច្រកព្រំដែនគោក និងទឹក មានចំនួន 1,417,112នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានលើកឡើងកាលពីពេលកន្លងមកថា ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកលេង និងស្នាក់នៅកម្ពុជាបានយូរ ក្រសួងបានស្វែងរក និងបង្កើតរមណីយដ្ឋានបន្ថែមទៀត ដូចជានៅតាមបណ្ដាកោះក្នុងប្រទេសកម្ពុជា និងរមណីយដ្ឋានធម្មជាតិ ដែលមានសក្ដានុពល។
ឯកឧត្តមរដ្ឋមន្ត្រីបន្ដថា កម្ពុជាតែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានាដើម្បីឱ្យភ្ញៀវបានកម្សាន្តសប្បាយដូចជា ពិធីបុណ្យសមុទ្រ បុណ្យទន្លេ និងបុណ្យមហាសង្ក្រាន្តនៅរដូវបុណ្យចូលឆ្នាំខ្មែរជាដើម។ មិនតែប៉ុណ្ណោះ ពិធីបុណ្យទាំងនេះក៏បានដាស់សតិអារម្មណ៍ពលរដ្ឋខ្មែរឱ្យចេះថែរក្សាបរិស្ថានដើម្បីទទួលបានប្រយោជន៍ពីសមុទ្រ និងទន្លេ ដែលជាសម្បត្តិធម្មជាតិរបស់កម្ពុជាផងដែរ។
ឯកឧត្តមបញ្ជាក់ថា៖ “នៅឆ្នាំ2018 កម្ពុជារំពឹងនឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ 6.2លាននាក់ និងប្រមាណ 7លាននាក់នៅឆ្នាំ2020 និងនាំមកនូវចំណូលសរុបប្រមាណ 5ពាន់លានដុល្លារអាមេរិក និងបង្កើតនូវឱកាសការងារបានប្រមាណជា 1លាននាក់។ ក្នុងឆ្នាំ2030 កម្ពុជាក៏គ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិឱ្យបាន 15លាននាក់ ដោយរំពឹងថា ចំណូលពីវិស័យនេះនឹងមានប្រមាណជា 10ពាន់-លានដុល្លារអាមេរិក និងបង្កើតការងារបានប្រមាណ 2លាននាក់ជូនពលរដ្ឋក្នុងស្រុក”៕