កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ចាប់ដៃគ្នាបើកជំនួញ តែឆ្លៀតនិយាយរឿងកាច់កុងទៀត

ក្នុង​សន្និសីទ​សារព័ត៌មាន​​បើក​មុខ​ជំនួញ​ថ្មី​​​រួម​​គ្នា​នៅ​ម្ដុំ​ផ្សារ​ព្រៃ​ទទឹង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​3 ​​ព្រឹក​មិញ​នេះ​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ ​បាន​ទម្លាយ​រឿង​រ៉ាវ​កាច់កុង​គ្នា​ជាមួយ​ ខេមរៈ សិរីមន្ត មុន​ពេល​សម្រេច​ចិត្ត​វិនិយោគ​ទុន​​ 20លាន​ដុល្លារ​អាមេរិក​លើ​ទំហំ​ដី​ 50 ហិតា។

លោក ព្រាប សុវត្ថិ ថ្លែងថា គម្រោងចាប់ដៃជាមួយ លោក ខេមរៈ សិរីមន្ត និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើកនេះ គឺជាគម្រោងធំមួយសម្រាប់គម្រោងពុះដីឡូតិ៍លក់ និងសាងសង់បុរី ដោយគម្រោងទាំងមូល ក្រៅពីស្ថិតនៅលើទីតាំងដែលជាទីប្រជុំជនល្អ ងាយស្រួលរស់នៅ មានតម្លៃធូរថ្លៃ ក៏ជាគម្រោងដែលបង្ហាញពីការសាមគ្គី និងយល់ចិត្តថ្លើមគ្នារវាងពួកលោកទាំង3 ជាពិសេសគឺលោកខេមរៈ សិរីមន្ត កាន់តែល្អផងដែរ។ លោកថា រវាងលោក និងលោកខេមរៈ សិរីមន្ត គឺជាបងប្អូនគ្នាដ៏ល្អ តាំងពីមុនហក់ចូលហង្សមាសមកម្ល៉េះ ប៉ុន្តែមកពីពេលកន្លងមកមិនមានគម្រោងឯកជនរួមគ្នា ក្រៅពីប៉ះគ្នាលើឆាក ទើបធ្វើឱ្យម្នាក់ៗមានការយល់ច្រលំថាលោក និងលោកខេមរៈ សិរីមន្ត កុងគ្នា។

លោកថាសប្បាយចិត្ត ដែលលោក និងលោក ខេមរៈ សិរីមន្ត បានចាប់ដៃគ្នាក្នុងគម្រោងធំដុំ ខណៈដែលមុខជំនួញនេះ គឺបានកិច្ចសហការ និងការដុតដៃដុតជើងពីអ្នកជំនាញដីធ្លីគឺលោក ឡេង ណាវ៉ាត់ត្រា យ៉ាងយកចិត្តទុកដាក់។ លោករំពឹងយ៉ាងខ្លាំងថា គម្រោងធំមួយនេះ នឹងកក្រើក ហើយទទួលបានលទ្ធផលខ្លាំងជាងមុន ដោយសារតែគម្រោងមួយនេះក្រៅពីពុះជាឡូតិ៍ដាក់លក់ ក៏មានគម្រោងសង់ជាផ្ទះវីឡាសម្រាប់លក់ ហើយស្ថិតនៅក្នុងតំបន់សក្កានុពលនៅតាមបណ្ដោយផ្លូវជាតិលេខ3។ លោកប្រកាសគ្មានថ្ងៃបែកហ៊ុនគ្នាពីគ្នានោះទេ បើទោះជាកាលៈទេសៈក្នុងពេលខាងមុខ មុខជំនួញមួយនេះអាចឱ្យលោកមានទុនអាចឈរម្នាក់ឯង។

លោក ខេមរៈ សិរីមន្ត ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីរំលេចគម្រោងយក្សមួយនេះ លោក និងលោក ព្រាប សុវត្ថិ នឹងមានគម្រោងយក្សធំៗបែបនេះបន្តបន្ទាប់ទៀត ដោយការបាក់បែកសាមគ្គីគឺមិនអាចមានឡើយ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលលោកក៏ត្រូវការដៃគូសហការ និងត្រូវការបង្កើនដើមទុនជាមួយដៃគូឱ្យបានច្រើនកាន់តែដើម្បីប្រកួតប្រជែងនេះ។ លោកថាគម្រោងសង់បុរី និងពុះលក់លើទីតាំងថ្មីនៅម្ដុំផ្សារព្រៃទទឹងនេះ មិនត្រឹមតែផ្ដល់ឱ្យអតិថិជននៅដីឡូតិ៍ល្អៗ និងសំណង់ផ្ទះរឹងមាំមិនឱ្យប៉ះពាល់មុខមាត់ជាតារាចម្រៀងរបស់ពួកលោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ដល់កាដូយ៉ាងពិសេសចំពោះអតិថិជនដែលជាវភ្លាមៗក្រោយប្រកាសសន្និសីទនេះផងដែរ។

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជា​ដៃ​គូ​វិនិយោគ​ដ៏​ធំ​ជាមួយ​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​​បាន​លើក​ឡើង​ថា មុខ​ជំនួញ​ថ្មី​លើ​ទំហំ​ដី​50 ហិតា នេះ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​អតិថិជន​​ចំពោះ​​​វត្តមាន​​​​​លោក ព្រាប សុវត្ថិ និង ខេរមៈ សិរីមន្ត។ លោកថា បាន​ជា​ពុក​ម៉ែ​បង​ប្អូន​គាត់​មាន​ជំនឿ​ចិត្ត​ដោយ​សារ​តែ​បង​ ព្រាប សុវត្ថិ និង បង​សិរីមន្ត ពួក​គាត់​គឺ​ជា​តារា​ចម្រៀង​ល្បី​ស្រាប់​ដូច្នេះ​​មិន​បាច់​ភ័យ​​ព្រួយ​រឿង​ទិញ​ដី​ឡូត៍​ឬ​ក៏​ផ្ទះ​​ដែល​សាង​សង់​ ដោយ​ពួក​យើង​ទាំង​៣​វិនិយោគ​ជាមួយ​គ្នា​នោះ​ទេ ព្រោះ​រូប​ខ្ញុំ​ក៏​ដូច​ជា​បង​ៗ​ទាំង​ពីរ​គឺ​ស្រឡាញ់​កិត្តិយស​កេរ្តិ៍ឈ្មោះ​មិន​អាច​យក​មក​លេង​សើច​បាន​ទេ៕​​

Advertisement