ក្រុមប្រឹក្សាក្លិប Arsenal ត្រៀមផ្តល់កុងត្រាថ្មីរយៈពេល២ឆ្នាំដល់លោក Wenger

ក្រុមប្រឹក្សាក្លិប Arsenal នឹងផ្តល់កុងត្រាថ្មីរយៈពេល២ឆ្នាំដល់លោក Arsene Wenger នៅពេលដែលពួកគេជួបប្រជុំគ្នានៅថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃការពិភាក្សាលើសេចក្តីលម្អិតផ្សេងៗអំពីទិសដៅរបស់ក្លិបកាំភ្លើងធំមួយនេះ។ អនាគតរបស់លោក Wenger ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាប្រធានបទក្តៅនៃរបៀបវារៈ ចាប់តាំងពីតំណែងរបស់លោកស្ថិតក្នុងស្ថានភាពរង្គោះរង្គើនៅរដូវកាលនេះមក។

កិច្ចប្រជុំនេះក៏ផ្តោតទៅលើគម្រោងថវិកាដែលអ្នកចាត់ការទូទៅត្រូវចំណាយក្នុងពេលបើកទីផ្សារដោះដូរកីឡាករផងដែរ។ លោក Wenger នឹងបង្ហាញវត្តមាន រួមជាមួយនឹងម្ចាស់ភាគហ៊ុនធំលោក Stan Kroenke និងកូនប្រុសរបស់លោកគឺលោក Chips Keswick ដែលជាប្រធានក្លិប លោក Ivan Gazidis ប្រធានប្រតិបត្តិ និងលោក David Miles ដែលជាអគ្គលេខាធិការក្លិប។ ពួកគេនឹងធ្វើការត្រួតពិនិត្យរួមគ្នាទៅលើរដូវកាលដែលទើបតែបញ្ចប់ថ្មីៗនេះ ក្រោយពីពួកគេបានផ្តួលក្រុម Chelsea ដើម្បីឈ្នះពាន FA Cup កាលពីថ្ងៃសៅរ៍ ប៉ុន្តែ អាចបញ្ចប់ត្រឹមតែក្នុងចំណាត់ថ្នាក់លេខ៥ នៅលើតារាងក្របខ័ណ្ឌ Premier League ប៉ុណ្ណោះ។

គ្មាននរណាម្នាក់ក្នុងក្លិបកាំភ្លើងធំរីករាយនឹងចំណាត់ថ្នាក់នៅលើតារាងលីកនេះឡើយ ព្រោះវាមានន័យថា ពួកគេនឹងត្រូវអវត្តមានក្នុងក្របខ័ណ្ឌ Champions League ជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៩៨៕
ប្រភពពី៖ The Guardian

Advertisement