តារាសម្ដែងជើងចាស់ លោក យស បូវណ្ណ: បង្ហាញវត្តមានក្នុងប្រទេសកម្ពុជា និងចូលរួមសម្ដែងរឿងថ្មីមួយ

ពិតជាកក្រើកអស់អាកាសយាន្ដដ្ឋានភ្នំពេញ-អន្ដរជាតិ ខណៈដែលតារាសម្ដែងជើងចាស់ លោក យស បូវណ្ណ: ដែលត្រូវគេស្គាល់ថា ជាតារាល្បីល្បាញក្នុងជំនាន់អ្នកនាង ចាន់ តារាទី និង អ្នកនាង អម្ពរ ទេវី បានធ្វើដំណើរមកកាន់ព្រះជាណាចក្រកម្ពុជា ជាទឹកដីកំណើតម្ដងទៀត ដែលមានការទទួលដំណើរស្វាគមន៍ពីសំណាក់ក្រុមអ្នកសារព័ត៍មាន និងតារាសិល្ប:របស់ផលិតកម្មមហាហង្សមកទទួលយ៉ាងច្រើនកុះករ។

ចាប់តាំងពីទៅរស់នៅឯសហរដ្ឋអាមេរិក នេះជាលើកដំបូងហើយដែលតារាជើងចាស់ឯកប្រុសរូបនេះ បានបង្ហាញវត្តមានជាថ្មីម្ដងទៀត លោក យស បូវណ្ណ: បានរៀបរាប់ទាំងក្ដីរំភើបថា ហេតុផលដែលលោកចុះមកកាន់កម្ពុជាលើកនេះ គឺដោយសារតែលោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានទាក់ទងឱ្យលោកថតរឿង «លោកឳពុក» ស្របគ្នាដែលលោក ក៏ចង់បង្ហាញស្នាដៃមួយរឿងដូចគ្នានឹងអ្នកនាង អម្ពរ ទេវី ទើបលោកសម្រេចចិត្ត ដាក់ច្បាប់ចំនួន 3សប្ដាហ៍ ដើម្បីចុះមកថតរឿងនេះ។

លោកបានបន្ដទៀតថា ខ្លួននឹងមានគម្រោងថតរឿងបន្តបន្ទាប់ទៀត ប៉ុន្តែសម្រាប់ឱកាសចុះមកលើកនេះ គឺថតឱ្យតែផលិតកម្មមហាហង្សមួយគត់ ដោយសារតែលោកអាចនៅកម្ពុជាបានតែ3សប្ដាហ៍ប៉ុណ្ណោះ ។ ក្នុងនោះ សូម្បីតែគម្រោងដើរលេង ក៏ប្រហែលមិនមានដែរ ដោយតាមកាលវិភាគ គឺលោកត្រូវថតក្នុងរឿងលោក «លោកឳពុក» រហូតដល់ជិត20ថ្ងៃទៅហើយ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីទទួលតារាសម្ដែងប្រុសរូបនេះ គេឃើញវត្តមានតារាសិល្ប:យ៉ាងច្រើនកុះកររបស់ទ្រនំមហាហង្សបង្ហាញខ្លួន ដោយខាងផលិតកម្មក៏បានរៀបចំកម្មវិធីទ្រង់ទ្រាយធំនៅភោជនីយដ្ឋានវ័នម័រ នៅម្ដុំទួលគោក ដើម្បីរៀបចំជាវេទិកាសន្និសីទកាសែតផងដែរ៕

Advertisement