តារាស្រីម្ចាស់បទស្រៀវស្រាវ « អ៊ុយៗៗ អៈៗៗ » កំពុងល្បីលើបណ្ដាញហ្វេសប៊ុក ចេញមុខសុំទោសមហាជនទាំងឡាយ

តាមរយៈសារព័ត៌មានថៃ ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា បទចម្រៀងដែលបានបង្ហាញសំនៀង និងកាយវិការស្រៀវស្រាវនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលគ្រប់គ្នាបានស្ដាប់ឭថា « អ៊ុយៗៗ អៈៗៗ » នោះ ខណៈកំពុងរងការរិះគន់ពីសំណាក់មហាជនថៃយ៉ាងខ្លាំង ដោយបានលើកឡើងថា ចម្រៀងមួយបទនេះ បង្ហាញភាពអសីលធម៌ក្នុងសង្គម និងបំពានប្រពៃណីបុរាណ នៃចម្រៀងលូកធុង និង ម៉ឡាំ ដែលដូនតាថៃបានខិតខំថែរក្សាអស់រយៈពេលរាប់រយឆ្នាំ។

បទចម្រៀងនេះមានចំណងជើងថា « ครางชื่ออ้านแน » ដែលជាការបកស្រាយរបស់តារាចម្រៀងប្រុស ស៊ីចាន់ វីស៊ី ( ศรีจันทร์ วีสี ) រួមគ្នាជាមួយស្រី តា ផេននៈផា ( ต้าร์ เพ็ญนภา ) ដែលវគ្គបញ្ចប់នៃបទចម្រៀងនេះ បានបង្ហាញពីសំឡេងស្រៀវស្រាវរោលរាលយ៉ាងខ្លាំង។ ខណៈនេះដែរ តារាស្រី តា ផេននៈផា បានចេញមុខធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងធ្វើការសុំទោសដល់មហាជនចំពោះការមិនពេញចិត្តបទចម្រៀងមួយនេះ។ នាងថា ដំបូងឡើយដែលបានឃើញបទចម្រៀងនេះ នាងក៏មានអារម្មណ៍ថា វាមានលក្ខណៈចម្លែកហើយថ្មីបន្ដិច ទើបនាងខិតខំព្យាយាមច្រៀង និងប្រើសំឡេងឱ្យត្រូវមេឡូឌីរបស់ចម្រៀង។ តែដល់ពេលដាក់អារម្មណ៍ច្រៀង ក៏មិននឹកស្មានថា ក្លាយជារឿងរ៉ាវដ៏ក្ដៅនៅលើបណ្ដាញសង្គមបែបនេះដែរ។

តារាស្រីវ័យ 28 ឆ្នាំរូបនេះបានបញ្ជាក់ថា នាងខ្ញុំសូមលើកដៃសំពះសុំទោស ចំពោះការមិនពេញចិត្តចំពោះបទចម្រៀងនេះ ព្រោះថា នាងខ្ញុំព្យាយាមច្រៀងបទនេះ ដើម្បីកម្សាន្ដអារម្មណ៍សប្បាយរបស់អ្នកគាំទ្រ ខណៈរាំលេងតាមបទចម្រៀងតែប៉ុណ្ណោះ ពុំមានបំណងអ្វីផ្សេងនោះឡើយ។ ដោយឡែកអ្នកនិពន្ធបទនេះ ក៏បានបញ្ជាក់ដែរថា បទនេះបានសរសេរឡើងតាំងពីឆ្នាំ 2017 មកម្លេះ ដោយមើលឃើញថា អ្នកបណ្ដាញសង្គមចូលចិត្តនិយាយបង្អាប់រឿង គ្មានគូស្រករ ( អត់លិទ ) ទើបលោកនឹកឃើញសាច់រឿងនេះ លើកមកសរសេរតែប៉ុណ្ណោះ ៕

Advertisement