តារាចម្រៀងរ៉េបល្បីឈ្មោះ Jon James McMurray សម្ដែង MV ភ្លាត់ស្នៀតដល់បាត់បង់ជិវិតភ្លាម ៗ

តាមរយៈសារព័ត៌មានបរទេស ដែលចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា តារាចម្រៀងរ៉េបល្បីឈ្មោះជនជាតិកាណាដា លោក Jon James McMurray មានវ័យ 33 ឆ្នាំ​បានស្លាប់បាត់បង់ជិវិតខណៈសម្ដែង MV ចម្រៀងថ្មីរបស់លោក ដោយភ្លាត់ស្នៀតខណៈលោតពីលើយន្ដហោះ ដែលកំពុងហោះហើរមានរយៈកម្ពស់ខ្ពស់ពីដី។

សារព័ត៌មាន People បានធ្វើសេចក្ដីរាយការណ៍ថា តារាចម្រៀងប្រុសរូបនេះ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃសៅរ៍ទី 20 ខែតុលា ក្នុងទីក្រុង Vernon រដ្ឋ Columbia ប្រទេសកាណាដា ដោយមុនពេលសម្ដែង MV នោះ លោកបានសមសម្ដែងអស់រយៈពេលជាយូរណាស់មកហើយ ក៏ប៉ុន្ដែនៅតែភ្លាត់ស្នៀតពីការលោតពីលើយន្ដហោះ រហូតដល់ស្លាប់បាត់បង់ជិវិតនៅកន្លែងថតភ្លាមៗតែម្ដង។ បទចម្រៀងដែលកំពុងសម្ដែងនោះ មានចំណងជើងថា The Man ។

អ្នកដឹកនាំសម្ដែងបានប្រាប់ថា ខណៈកំពុងធ្វើការថតប្លង់ដ៏អស្ចារ្យមួយនេះ នៅសុខៗ យន្ដហោះក៏កើតហេតុរ៉េទៅរ៉េមក បម្រុងនឹងដាំក្បាលចុះមកក្រោម រហូតដល់អ្នកបើកយន្ដហោះមិនអាចបញ្ជាការបាន និងចុចប៉ោងខ្យល់សម្រាប់ការពារសុវត្ថិភាពពុំបានឡើយ សូម្បីតែលោក Jon James ព្យាយាមចុចប៉ោងសុវត្ថិភាពផងដែរ តែចុងក្រោយ លោកនៅតែភ្លាត់ស្នៀតស្លាប់បាត់បង់ជីវិតទៅ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុសរូបនេះ មានបទចម្រៀងល្បីៗច្រើនបទ ដែលមានអ្នកទស្សនារាប់លាននាក់នៅក្នុងបណ្ដាញសង្គម យូធូប៕

Advertisement