Silva ចេញពីក្លិប Monaco ទៅចូល​រួម​ជាមួយ Man City ក្នុង​តម្លៃ​ខ្លួន​៤៣,៦​លានផោន​

ក្លិប Manchester City បាន​ចុះ​​ហត្ថ​លេខា​ជាមួយ​នឹង​​កីឡាករ Bernardo Silva ពីក្លិប Monaco របស់​បារាំងក្នុង​តម្លៃ​ខ្លួន​៤៣,៦លានផោន (ស្មើនឹង​៥៥,៨លាន​ដុល្លារ​អាមេរិក)​។ ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិពល​រូប​នេះបាន​យល់ព្រម​ចុះ​កិច្ច​សន្យា​រយៈ​ពេល៥​​ឆ្នាំ​ជា​មួយនឹងក្លិប Man City​ របស់​​ក្រប​ខ័ណ្ឌ Premier League ខណៈដែ​​លក្រុម​របស់​លោក Pep Guardiola ចាប់ផ្តើម​ជះ​ទឹក​ប្រាក់ ក្រោយពី​ពួក​គេ​មិន​បាន​ឈ្នះពាន​អ្វី​សោះក្នុង​​រដូវកាល​​ទើប​តែ​បញ្ចប់​នា​ពេលថ្មី​ៗ​នេះ​។ គ្រូ​បង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ បាន​​​ចាប់ផ្តើម​​ឈាន​ជើង​ចូលទៅ​ក្នុង​ទីផ្សារទិញលក់កីឡាករ​ភ្លាម​ៗនៅ​រដូវក្តៅ​​នេះ ក្រោយពីក្រុម​របស់​លោក​បានប​ញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣ នៅលើ​តារាង Premier League និង​មិន​អាច​ធ្វើការ​​ប្រជែង​ដណ្តើម​ពាន​ក្នុងស្រុក​ពីរ​ផ្សេង​ទៀត និង​ក្នុង​ក្រប​ខ័ណ្ឌ Champions League​បាន។

លោក Guardiola បាន​ចាត់​ទុក​ខ្សែ​​បម្រើ​របស់​ក្លិប Monaco វ័យ​២២​ឆ្នាំ​រូប​នេះ ជា​គោល​​ដៅ​មួយក្នុង​ចំណោម​គោល​ដៅ​អាទិ​ភាព​​របស់​លោក ហើយ​ក្លិប​ទាំង​ពីរ​បាន​ឈាន​ដល់​ការ​ព្រមព្រៀងគ្នា​កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ដែល​ Silva បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Manchester ដើម្បី​ពិនិត្យ​សុខ​ភាព​។ Silva​ ដែល​នឹង​បានពាក់អាវ​លេខ​២០​រូបនេះ បានប្រាប់គេហ​ទំព័រ​របស់ Man City ថា៖ «ខ្ញុំ​មាន​អារម្មណ៍ថា​ពិត​ជា​អស្ចារ្យ​ណាស់​។ និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​​បច្ចុប្បន្នកំពុង​តែ​ស្ថិតក្នុង​ក្រុមមួយក្នុង​ចំណោម​ក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​។ ក្នុងការ​ចូល​រួម​ជា​មួយនឹង​ក្រុម​នេះ និង​ក្នុងការ​មាន​ឱកាស​​នេះ វា​ពិត​ជា​អស្ចារ្យ​ណាស់​»​។ ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំពិត​ជា​រីករាយ​ណាស់​ក្នុងការក្លាយ​ជា​សមា​ជិក​របស់​ក្រុម Man City ហើយ​ខ្ញុំ​កំពុង​តែ​ស្រេក​ឃ្លាន​ក្នុង​​ការ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​ក្នុងការ​ជួយ​ឲ្យក្រុម​នេះ​​ឈាន​ដល់​គោល​ដៅ​របស់​ពួកគេ​។ ពិត​ណាស់ នៅពេល​ដែល​អ្នក​មាន​ឱកាស​ក្នុង​ការ​ហ្វឹក​ហាត់​ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola អ្នក​មិនអាចនិយាយ​ថា ទេ​បាន​​ឡើយ​​។ គាត់គឺ​ជា​គ្រូ​បង្វឹកម្នាក់ក្នុង​ចំណោមគ្រូ​បង្វឹក​ដ៏​ឆ្នើម​បំផុត​»​៕

ប្រភព​ពី​៖ The Guardian

 

Advertisement