ដោយកត់សម្គាល់ឃើញថា តារាជើងចាស់ មានសមត្ថភាពជាច្រើនអ្នកត្រូវបានបង្កកគ្មានទីផ្សារសម្ដែង ហើយត្រូវមើលរំលង ពីសំណាក់ម្ចាស់ផលិតកម្ម និងអ្នកដឹកនាំសម្តែងមួយចំនួន នោះបណ្ដាលឱ្យសិល្បៈករចាស់ៗ ផ្កាប់ឆ្នាំងបាយអស់ជាច្រើននាក់ហើយ។ លោក អ៊ឹម ជីវ៉ា តារាសម្ដែង និងច្រៀង បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ ជុំវិញបញ្ហានេះដោយពន្លះចំពោះអ្នកដឹកនាំ និងម្ចាស់ផលិតកម្មយ៉ាងដំណំ។
លោក អ៊ឹម ជីវ៉ា បានរៀបរាបបង្ហាញអារម្មណ៍ របស់ខ្លួនថា «បើអ្នកផលិតកម្មវិធី ដែលគេចេះដឹងពិតប្រាកដ គេអាចយកតួមួយចំនួនមិនថាស្អាតឬ តួមុខអាក្រក់ឡើយ គេអាចកែកុន ធ្វើជាតួបែបនេះបែបនោះ គឺគេអាចច្នៃបានហើយតារាទាំងនោះ ក៏គ្នាបានការងារធ្វើ និងមានឱកាសបង្ហាញខ្លួនដែរ។ ពេលចេញថតម្តងៗអ្នកដឹកនាំទាំងនោះ និយាយាថា ជួយៗផង កុំយកច្រើនពេក ឯតម្លៃមិនសមសមត្ថភាពសោះ ជួនកាលឲ្យគ្នាថត Free Free មួយជីវិតសិល្បៈ គឺជួយថៅកែផលិតកម្មរហូត ជួយរហូតដល់ថៅកែផលិតកម្មខ្លះ ក្លាយជាអ្នកមាន ឯតួវិញ នៅក្រដដែល»។
តារាសម្តែងលោក អ៊ឹម ជីវ៉ា និយាយបន្តថា «តួ(តារា)ខ្លះគាត់មានជីវភាពធូរធាស្រាប់ ក្នុងចំណោមតារា១០នាក់ តារាតែ២នាក់ទេ ដែលមុនចូលសិល្បៈមានជីវភាពធូរធាស្រាប់ ក្រោយចូលសិល្បៈ តារាខ្លះក៏មានផ្ទះ លុយឡានចាយយ៉ាងសប្បាយ ឯតារាខ្លះ រកតែលុយទិញថ្នាំពេទ្យលេប មិនបានផង។ ទស្សនិកជនឆ្ងល់ណាស់ថា ហេតុអ្វីសិល្បៈខ្មែរបើល្បីមានលុយចាំបាច់អួត? ហើយសិល្បៈភាគច្រើនហេតុអ្វីក៏ក្រម្ល៉េះ?»។
អ៊ឹម ជីវ៉ា លើកឡើងទៀតថា «បើនិយាយពីភាពក្រ គឺសិល្បករមួយចំនួន គឺគាត់ក្រតាំងពីមុនចូលសិល្បៈម្ល៉េះ ហើយពេលទៅថតមួយថ្ងៃ បាន៣០ដុល្លារ-៥០ដុល្លារ មានអ្វីសល់មិនគ្រប់ទាំងថ្លៃខោអាវផង និងបើផលិតកម្មខ្លះ ធ្វើបាបគ្នាថតមិនឲ្យលុយផង ហើយជំពាក់ទៀត, ឯផលិតកម្មខ្លះធ្វើនំអត់ម្សៅផង និងបើនិយាយពីបក្សពួកវិញ គ្រាន់តែស្តាប់ក៏ឈឺក្បាលដែរ។ តារាល្បីខ្លះគេរាប់អានតែគ្នាគេល្បីៗទេ ឯតារាខ្លះទៀតទាល់តែឃើញនរណាមានជីវភាពធូរធា បានដើរជាមួយ ជាដើម»។
ជាមួយគ្នានេះលោក អ៊ឹម ជីវ៉ា បញ្ជាក់ថា «សិល្បៈមិនទទួលបានការគាំទ្រ ដូចប្រទេសគេដោយសារអ្វី ដោយសារបុគ្គលសិល្បៈខ្លួនឯង រួមផ្សំពីការធ្លាក់ចុះ ការផលិតមិនតាមត្រូវតាមស្តង់ដារ ភាពយន្តកុនផង និងដោយសារខ្មែរយើងគាត់មានចំណូលចិត្ត ភាពយន្តបរទេសច្រើនពេក ពិសេសប្រទេសជិតខាង។ បើនិយាយពីកម្មវិធីទូរទស្សន៍មួយចំនួន ចូលចិត្តយកតារាមកច្រៀង ដដែលៗខ្លះទៀតច្រៀងដួចទាអួលអាចម៍ ឯតារា គ្នាមានសមត្ថភាពសុំឡើងច្រៀង គឺមិនត្រូវបានទទួលស្វាគមន៍ ពីអ្នកផលិតកម្មវិធីទាំងនោះឡើយ ដោយយកលេសថា គេរៀបចំទុកមុនអស់ហើយ តែធាតុពិតគេមិនចង់ឲ្យឡើងកម្មវិធីគេ»។
បន្ថែមពីលើនេះលោក អ៊ឹម ជីវ៉ា បន្តថា «ទូរទស្សន៍ខ្លះផលិតកម្មវិធីប្រឡងយុវវ័យស្អាត សង្ហា និងប្រឡងចម្រៀង គឺមិនបានរៀបចំឲ្យត្រឹមត្រូវ ដើម្បីនៅពេលអ្នកណា ជាប់ក្លាយជាតារាឡើយ គឺរៀបចំដើម្បីចង់បានស្ព័នស័រ យកលុយប៉ុណ្ណោះ នៅពេលជាប់ ចង់អ្នកណាអាម៉េចៗ ជារឿងរបស់អ្នកនោះ ។ ទាំងនេះគឺជារឿងពិត ក្នុងសង្គមសិល្បៈខ្មែរ។ ដោយក្តីគោររពពី អ៊ឹម ជីវ៉ា»៕