តាមរយៈវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាដកល្ខោនខោល លោកគ្រូ ហង់ ភូមិរ៉ា បានអំពាវនាវឱ្យយុវជនទាំងអស់ចូលហាត់រៀនល្ខោនខោលដោយឥតគិតថ្លៃ ជាមួយនឹងក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី។
នាដករូបនេះបានលើកឡើងថា «ការបើកបង្រៀននេះគឺជាលើកទី6 ហើយ ដោយទទួលគ្រប់សិស្សដែលស្រឡាញ់សិល្បៈលោ្ខនខោល គ្រប់មជ្ឈដ្ឋានដោយពុំគិតប្រាក់ឡើយ។ ហើយក្នុងនោះផងដែរ គឺរៀនត្រឹមតែថ្ងៃចុងសប្តាហ៍ គឺថ្ងៃអាទិត្យតែប៉ុណ្ណោះ»។ យ៉ាងណាមិញ គេមើលឃើញថា នេះគឺជាឱកាសមួយដែលកូនខ្មែរអាចចូលរួមចំណែកលើកស្ទួយ អភិរក្ស និងថែរក្សាផងដែរ។
គួររំឭកផងដែរថា នាដករូបនេះធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ការបង្កើតក្រុមនេះឡើងគឺក្នុងគោលបំណងបង្រៀនដល់កូនខ្មែរដែលចង់រៀនរាំរបាំបុរាណ។ ការបង្រៀននេះ ផ្ដោតសំខាន់លើល្ខោនខោល តែបើមានក្មេងស្រីចង់រៀនរាំរបាំបុរាណ ក៏លោកមានបង្រៀនដែរ។ លោកបញ្ជាក់ថា ការបង្រៀននេះគឺមិនយកថវិកាឡើយ ព្រោះលោកយល់ឃើញថាមានកូនខ្មែរជាច្រើនមកពីតាមខេត្តដែលចង់រៀន តែមិនមានប្រាក់បង់ថ្លៃសាលា ដូច្នេះឱ្យតែកូនខ្មែរណាចង់រៀន អាចមករៀនបាននៅបរិវេណសាលាភូមិន្ទវិចិត្រសិល្បៈ។ ហើយថ្មីៗនេះ ក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី ក៏ទើបតែទទួលបានទីតាំងថ្មីក្នុងការហាត់រៀនផងដែរ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ពីព័ត៌មានលម្អិត សូមទស្សនាវីដេអូខាងក្រោមនេះ ៖