ភិន សុដាលីស បញ្ជាក់ពីអារម្មណ៍ ពេលសម្ដែងជាតួអង្គមនុស្សប្រុស

តាមរយៈខ្សែភាពយន្ដថ្មី «ណូលីណូឡា» អ្នកដឹកនាំរឿងបានតម្រូវឱ្យកញ្ញា ភិន សុដាលីស សម្ដែងជាតួអង្គដែលមានអត្តចរិតដូចមនុស្សប្រុស ខុសពីសព្វមួយដងដែលធ្លាប់តែសម្ដែងជាតួអង្គមានលក្ខណៈចរិតជាមនុស្សស្រីធម្មតាៗ មានស្លូតបូត ឬកាចឆ្នាស់ជាដើម។

យ៉ាងណាមិញ តារាសម្ដែងស្រីលេចធ្លោរូបនេះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា តាំងពីចូលសិល្បៈមក នាងមិនដែលត្រូវបានផលិតករតម្រូវឲ្យនាងសម្ដែងជាតួមានចរិតជាមនុស្សប្រុសបែបនេះទេ ប៉ុន្តែក្នុងរឿងថ្មីចុងក្រោយនេះ ស្រាប់តែអ្នកដឹកនាំសម្ដែងតម្រូវឱ្យនាងសម្ដែងជាតួមានចរិតជាមនុស្សប្រុស វាយ ទាត់ធាក់ ជាពិសេសត្រូវកាត់សក់ខ្លី ឱ្យមើលទៅដូចមនុស្សប្រុសបេះបិទតែម្ដង។ ចំណុចនេះធ្វើឲ្យនាងគិតថា វាជារសជាតិថ្មី ប្លែកមួយបែបទៀតក្នុងអាជីពសិល្បៈរបស់នាង ខណៈដែលនាងបានប្រឡូកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ស្រីស្រស់ ភិន សុដាលីស និយាយថា «ចា៎បង ក្នុងរឿងនេះ ខ្ញុំមានអារម្មណ៍ប្លែកច្រើន! រឿងនេះជារសជាតិថ្មី ដែលអាចនិយាយបានថា ជាលើកទី1 ដែលខ្ញុំបានសម្ដែងជាតួឯកស្រី ប៉ុន្ដែមានចរិតដូចមនុស្សប្រុសមួយទំហឹងតែម្ដង គឺចូលចិត្តធ្វើអ្វីដែលជាចរិតរបស់មនុស្សប្រុស ដូចជាការធ្វើការងារជាដើម ក៏ជាការងាររបស់មនុស្សប្រុសទាំងអស់»។

ដាលីស បានបន្ថែមទៀតថា ហើយនេះក៏ជារសជាតិថ្មីមួយបែបទៀត ដែលនាងបានសម្ដែងជាមួយនឹង កញ្ញា ឌុច លីដា នៅក្នុងខ្សែភាពយន្តតែមួយជាលើកដំបូង ដោយយើងទាំងពីរត្រូវសម្ដែងជាបងប្អូនភ្លោះនឹងគ្នា តែបែរជាមានអត្តចរិត2ផ្សេងគ្នា ពោលគឺ នាងសម្ដែងជាតួឯកស្រីឈ្មោះ ណូឡា ដែលមានចរិតជាមនុស្សប្រុស និងកញ្ញា ឌុច លីដា សម្ដែងជាតួឯកស្រីដូចគ្នា ដែលមានឈ្មោះថា ណូលី ដែលមានចរិតជាមនុស្សស្រីពេញលក្ខណៈតែម្ដង៕

Advertisement