អ្នកនាង ខាត់ សុឃីម តឿនឱ្យកូនខ្មែរស្រឡាញ់តន្ត្រីបុរាណតាមរយៈចម្រៀងនេះ…

តារាពហុជំនាញ និងជាសិល្បៈការិនីបុរាណសម័យ អ្នកនាង ខាត់ សុឃីម នៅតែទទួលបានសន្ទុះនៃការគាំទ្រ និងប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនទូទាំងប្រទេសកម្ពុជា ដោយអ្នកនាងតែងតែចូលរួមយ៉ាងសកម្មផងដែរក្នុងការលើកកម្ពស់សិល្បះបុរាណខ្មែរដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។

ដោយឡែក អ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីអ្នកនាង បានបញ្ចេញបទចម្រៀងមួយបទ មានចំណងជើងថា “រងារ” ដែលរៀបរាប់ពីការសោកស្តាយដែលសិល្បះទម្រង់បុរាណជាច្រើន កំពុងតែមានភាពរងារឯការ មិនសូវមានមហាជនខ្មែរចាប់អារម្មណ៍ដូចការពីមុន។ តាមរយះការប្រគុំតន្រ្តីបុរាណ ហាក់កំពុងតែដាស់អារម្មណ៍ដល់កូនខ្មែរគ្រប់រូបឱ្យរួមគ្នា ថែរក្សាសិល្បៈបុរាណខ្មែរដែលបុព្ធបុរសខ្មែរខំចងក្រងបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានដឹងបានលឺ។ បើសិនជាយើងមិនបានចូលរួមបង្កើតអ្វីថ្មី ប៉ុន្តែសូមត្រឹមថែរក្សារបស់ដែលសល់ពីបុព្វបុរសយើងដែលខំប្រឹង ខំចងក្រង ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ បានដឹងផង។

គួរកត់សម្គាល់ផងដែរថា មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា សិល្បករ-សិល្បការិនី ប្រទេសកម្ពុជា កំពុងព្យាយាមបំផុសបំផុលគំនិតមហាជន រួមជាមួយអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ជួយគាំទ្រ និងលើកស្ទួយ ផ្សព្វផ្សាយពី សិល្បៈបុរាណខ្មែរ ដែលដូនតាបុព្វបុរស បានបន្សល់ទុកឱ្យ ដោយមិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងច្រើនដួង ធ្លាប់បានស្នើសុំ និង ក្រើនរំឭក តាមរយៈការបង្ហើរសំនៀងនៅក្នុងចម្រៀង ដើម្បីឱ្យទស្សនិកជន មានការចាប់អារម្មណ៍ ប៉ុន្តែផ្ទុយទៅវិញ គេបែរជាមិនសូវឃើញមហាជនមួយចំនួន មានការគាំទ្រទាល់តែសោះ៕

Advertisement