ឈីន រតនៈ កាន់តែមើលលែងស្គាល់ ពេលគ្រងឈុតអប្សរា 100ឆ្នាំ

គ្រប់គ្នាកំពុងភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយឈុតអប្សរា 100ឆ្នាំ ដែលគ្រងដោយតារាចម្រៀង​ ឈីន រតនៈ ជាតារាចម្រៀងនៅក្នុងទ្រនំរស្មីហង្សមាស។ មួយឈុតនេះ ជាការត្រៀមបញ្ចេញនូវសាច់រឿងថ្មីតាមរយៈវីដេអូចម្រៀងថ្មី ដែលនឹងចេញនាពេលឆាប់ៗខាងមុខនេះ។ តារាស្រីរូបនេះបាននិយាយរៀបរាប់ពីអារម្មណ៍ដំបូងនៅក្នុងជីវិត​ដែលបានគ្រងឈុតបុរាណបែបនេះ។

នាងរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងទាំងក្ដីរំភើបខ្លាំងថា «នាងខ្ញុំសប្បាយចិត្ត ហើយរំភើបខ្លាំងណាស់ថ្ងៃនេះ ដែលបានគ្រងសម្លៀកបំពាក់អប្សរា 100ឆ្នាំ ឈុតទាំងនេះនឹងមាននៅក្នុងMV បទថ្មីរបស់នាងខ្ញុំ ជាពិសេសអរគុណបង Eco Vak Song ដែលបានដឹកនាំសម្តែង ឱ្យឈុតឆាកអប្សរា100ឆ្នាំ រំភើបខ្លាំងណាស់… ចង់ដឹងថាប្លែកយ៉ាងណានោះ រង់ចាំទាំងអស់គ្នាណា…. នឹងមាននៅពេលឆាប់ៗនេះ…”។

គួររំឭកដែរថា ទោះបីជាកញ្ញា ឈីន រតនៈ មិនបានជាប់ជាជយលាភីនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី2 ក៏ដោយ ប៉ុន្តែនាងនៅតែទទួលបានការគាំទ្រជាច្រើន ព្រោះតែទឹកដមសំឡេង និងពូកែខាងច្រៀងបទស្រែក មានតុងខ្ពស់ៗ ក៏ដូចជាការប្រើប្រាស់ដង្ហើមបានវែងៗផងដែរនៅក្នុងការបកស្រាយបទចម្រៀង។ ក៏ប៉ុន្ដែ នៅពេលបានឃើញកញ្ញា ឈីន រតនៈ គ្រងឈុតអប្សរា100ឆ្នាំបែបនេះវិញម្ដងនោះ ប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិថា ប្លែកភ្នែកមើលសឹងតែមិនស្គាល់ទៅហើយ និងទន្ទឹងរង់ចាំ ចង់ឃើញការសម្តែងរបស់នាងនៅក្នុងតួអង្គជាអប្សរាទៀតផង៕

Advertisement