ស្ងាត់ៗ តារាសម្ដែង ភុល សុវណ្ណដានីន ឡើងតំណែងក្នុងអាជីពជាមន្ត្រីរាជការ

នៅលើហ្វេសប៊ុក គេឧស្សាហ៍ឃើញតារាសម្ដែង លោក ភុល សុវណ្ណដានីន បង្ហោះពីសកម្មភាពការងារជាប៉ូលិសក្នុងឯកសណ្ឋានជាហូរហែ ប៉ុន្តែមានមនុស្សតិចណាស់ដែលចាប់អារម្មណ៍ ព្រោះមានអ្នកគាំទ្រខ្លះនឹកស្មានថា នោះគ្រាន់តែជាសកម្មភាពក្នុងការថតកុន ឬស្លៀកឯកសណ្ឋានប៉ូលិសក្នុងឈុតឆាកណាមួយប៉ុណ្ណោះ ដូច្នេះហើយទើបម្នាក់ៗស្រាប់តែលាន់មាត់ភ្ញាក់ផ្អើលតែម្ដង នៅពេលដែលតួអង្គចិត្តអាក្រក់រូបនេះ ត្រូវបានក្រសួងមហាផ្ទៃដំឡើងមុខតំណែង ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា លោកគឺជាតារាសិល្បៈដែលឡូយមិនធម្មតាឡើយ។

នៅលើហ្វេសប៊ុកលោកបានបង្ហោះថា លោកបានឡើងមុខតំណែងជានាយផ្នែកសរុបនៃការិយាល័យបណ្ដុះបណ្ដាល ដែលមានតួនាទីជាអ្នកបណ្ដុះបណ្ដាលមន្ត្រីប៉ូលិសនៅទូទាំងប្រទេសខាងផ្នែកកម្ចាត់គ្រឿងញៀន ការជួញដូរ និងបញ្ហាព្រហ្មទណ្ឌផ្សេងៗ។ យ៉ាងណាមិញ លោកបានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ការទទួលឋានន្តរស័ក្តិជាអនុសេនីយ៍ឯក(ស័ក្ដិ 3)នេះដោយសារតែមុខតំណែងរបស់លោក មិនមែនជាការលើកបន្តុបដោយសារតែលោកជាតារាសិល្បៈនោះទេ តែជាមុខតំណែងដែលបានពីការតស៊ូបម្រើការងារនៅក្នុងអគ្គស្នងការនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ តាំងពីឆ្នាំ2014មកម្ល៉េះ គឺបន្ទាប់ពីលោកបានប្រឡងជាប់ក្របខ័ណ្ឌ និងទទួលការហ្វឹកហ្វឺនក្លាយជាមន្ត្រីពេញសិទ្ធិប្រចាំក្រសួងរួចមក។

ការបង្ហោះឱ្យដឹងពីការឡើងតំណែងថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនបានសរសើរថា តារាសម្ដែងរូបនេះ គឺជាតារាដែលមានការងារជារាជការ និងមុខតំណែងធំដុំ ស្របគ្នាដែលកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈរបស់លោកក៏ងើបត្រដែតឡើងខ្លាំងនាពេលចុងក្រោយនេះដែរ។ គួររំឭកដែរថា លោកត្រូវបានគេស្គាល់ច្រើន បន្ទាប់ពីបានសម្ដែងក្នុងតំណែងជាតួកាចតួចិត្តអាក្រក់ និងជាតួបាញ់បោះ ដោយស្នាដៃដែលផ្ទុះខ្លាំងជាងគេគឺរឿង «មនុស្សឆ្កួត» ដែលបានទទួលជោគជ័យនៅក្នុងរោងភាពយន្តកាលពីពេលមុននេះ។

ថ្មីៗនេះ លោកបានប្រកាសថា លោកកំពុងត្រៀមខ្លួនសម្ដែងនៅក្នុងភាពយន្តធំមួយទៀតរបស់ផលិតកម្ម LD  ដោយលោកនឹងសម្ដែងជាតួអង្គចិត្តអាក្រក់ដូចសព្វដងនៅក្នុងខ្សែភាពយន្តរឿង «កូនក្រក» ដែលត្រៀមនឹងចេញថតក្នុងពេលឆាប់ៗនេះឯង។ លោកអះអាងថា ការសម្ដែងភាពយន្ត មិនប៉ះពាល់ដល់ការងារជាមន្ត្រីរាជការរបស់លោកឡើយ ដោយសារតែលោកទទួលសម្ដែងតែក្នុងថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាកប៉ុណ្ណោះ ឯម៉ោងពេលរដ្ឋបាល គឺលោកទៅធ្វើការ និងបំពេញបេសកកម្មដូចមន្ត្រីទូទៅជាធម្មតា៕

Advertisement