ហ្វេសប៊ុកលុបចោលគណនីហ្វេសប៊ុកផេចរបស់ប្រមុខយោធាមីយ៉ាន់ម៉ា

តាមរយៈសារព័ត៌មាន AFP ដែលចេញផ្សាយបានឱ្យដឹងថា ហ្វេសប៊ុកបានប្រកាសកាលពីថ្ងៃទី27 ខែសីហានេះថា បានខ្លួនបានលុបចោលនូវគណនីហ្វេសប៊ុកផេច របស់ប្រមុខយោធាមីយ៉ាន់ម៉ាចេញពីសង្គមអនឡាញន៍ និងអ៊ីនស្ដាក្រាម ដើម្បីការពារសុវត្ថិភាពនៃការបញ្ជូនព័ត៌មានមិនត្រឹមត្រូវ និងការបង្ហោះសារបែបរើសអើង បន្ទាប់ពីអង្គការសហប្រជាជាតិបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបតិ្តការរបស់យោធាមីយ៉ាន់ម៉ាប្រឆំាងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ដោយបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។

ហ្វេសប៊ុកបានបញ្ជាក់ថា «យើងកំពុងលុបចោលគណនីបុគ្គល និងអង្គភាពរបស់មីយ៉ាន់ម៉ា 20 ផេច (Page)ទៀត ចេញពីសង្គមហ្វេសប៊ុក ដែលរួមទាំងគណនីរបស់ប្រមុខយោធានៃប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលជាមេបញ្ជាការយោធាជាន់ខ្ពស់បំផុត និងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថានីយទូរទស្សន៍កងទ័ពមីយ៉ាន់ម៉ាផងដែរ យើងនឹងបន្តលុបគណនីហ្វេសប៊ុកផេចចំនួន18 និងគណនីអ៊ីនស្ដាក្រាម1 ព្រមទាំងហ្វេសប៊ុកផេច 52គណនី ដែលមានអ្នកតាមដានចំនួន 12លាននាក់ថែមទៀត»។

គួរបញ្ជាក់ផងដែរថា បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP លោក Min Aung Hlaing មានគណនីហ្វេសប៊ុកផេចចំនួន2 ក្នុងនោះ 1មានអ្នកគាំទ្រ និងតាមដានចំនួន 1.3លាននាក់ និង1ទៀតមានអ្នក Follow 2.8លាននាក់ ដែលបានបង្ហោះសារមានលក្ខណៈរើសអើងជាតិសាសន៍ អំពើហិង្សា និងបង្កការស្អប់ខ្ពើមចំពោះជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា៕

Advertisement