រឿង “បុព្វេសន្និវាស” ភាគ 2 គ្រោងថតយូរពេក អ្នកដឹកនាំត្រៀមឱ្យ ប៉ូប ថនៈវ៉ាន់ និងនាង បេឡា​ រ៉ានី សម្ដែងរឿងថ្មី

ដោយសារតែរឿង “បុព្វេសន្និវាស” ភាគ 2 នៅមិនទាន់ច្បាស់ដំណឹងថតនៅក្នុងអំឡុងឆ្នាំ 2019 នៅឡើយទេ ដូច្នេះហើយអ្នកគាំទ្រត្រូវរង់ចាំយូរទៀត ដើម្បីបានទស្សនារឿងរបស់លោក ប៉ូប ថនៈវ៉ាន់ និងនាង បេឡា​ រ៉ានី សម្តែងជាគូជាមួយគ្នាជាថ្មីម្តងទៀត ។

បើតាមរយៈសារព័ត៌មាន Mthai បានទម្លាយប្រភពមួយពីអ្នកជិតស្និទ្ធក្នុងចង្កោមសិល្បៈប្រទេសថៃបានឱ្យដឹងថា អ្នកដឹកនាំរឿងភាគបុរាណជើងចាស់ អ្នកស្រី ណង អនុសា អាចនឹងចាប់ដៃគូរវាង លោក ប៉ូប ថនៈវ៉ាន់ និងនាង បេឡា​ រ៉ានី ក្នុងរឿងភាគថ្មីមួយផ្សេង ក្រៅពី “បុព្វេសន្និវាស” ។ ទោះបីជាយ៉ាងណាក៏ដោយចុះ យើងមិនទាន់មានភាពជាក់លាស់ 100 ភាគរយនៅឡើយទេ ព្រោះថាខណៈ តារាសម្ដែងប្រុសល្បីឈ្មោះមួយរូបនេះ បានប្រាប់អ្នកគាំទ្រលោកថា លោកបានផ្អាកការសម្ដែងរឿងភាគសម័យអស់ជាច្រើនរឿងហើយ និងងាកមកថតរឿងភាគបុរាណវិញ ដែលក្នុងនេះមានរួមទាំងរឿងភាគ « ព្រហ្មលិខិត » ដែលត្រូវសម្ដែងជាមួយតារា​ឯកស្រី បេឡា​ រ៉ានី ។

គួររំឭកផងដែរថា តារាសម្ដែងប្រុស ប៉ូប ថនៈវ៉ាន់ បានត្រៀមបង្ហាញខ្លួនក្នុងរឿងភាគថ្មីម្ដងទៀតហើយ ដែលនឹងសម្ដែងជាតួឯកប្រុសជាមួយតារាស្រី ទែវ ណថៈផន ដែលធ្លាប់ទទួលបានភាពជោគជ័យជាតារាស្រីឆ្នើមប្រចាំឆ្នាំ2016 ដូចគ្នា នៅក្នុងរឿងភាគ «ណាឃី» ដ៏ល្បីល្បាញ។ រឿងភាគថ្មីមួយនេះ មានចំណងជើងថា «កែវរ៉ាហ៊ូ» ដែលដកស្រង់ចេញពីប្រលោមលោកបែបបុរាណល្បីបំផុតរបស់ប្រទេសថៃ និងគ្រោងដាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ៕

Advertisement