Schooling ជួយឱ្យ​សិង្ហ​បុរីឈ្នះ​មេដាយមាស​ជាលើក​ទី​1 ក្នុង Asian Games

ម្ចាស់​ជើង​ឯក​អូឡាំ​ពិក Joseph Schooling បាន​ជួយ​ឱ្យ​សិង្ហ​បុរី​ឈ្នះ​មេដាយមាស ជាលើក​ទី​1 ក្នុង​​ព្រឹត្តិ​ការណ៍ Asian Games ឆ្នាំ​2018 ក្រោយ​ពី​​ការ​ពារ​ពាន​ក្នុង​ការ​ប្រកួត​ហែល​ទឹក​បែប​មេ​អំបៅ​ចម្ងាយ​ 100​ម៉ែត្ររបស់​គេ​យ៉ាង​ជោគ​ជ័យ​​កាល​ពី​យប់​ថ្ងៃពុធ​។

Schooling បាន​ប្រើប្រាស់​ថិរ​វេលា​ 51.04​វិនាទី ដើម្បី​​ហែល​​ទៅ​ដល់​ទីមុន​គេ ក៏ដូច​ជា​នាំ​មុខ​លើ​​គូប្រជែង​យ៉ាង​ប្រកៀក​បំផុត​​នៅ​ឯ​មជ្ឈ​មណ្ឌល​ហែល​ទឹក Gelora Bung Karno ក្នុង​ទីក្រុងហ្សា​ការតា ខណៈ​ដែល​រូប​គេ​ក៏​បាន​បង្កើត​កំណត់ត្រា​ថ្មីកីឡា​​​​អាស៊ី​នេះ​ផងដែរ​។ កីឡាករ​ចិន Li Zhuhao បាន​ឈ្នះ​មេដាយប្រាក់ ដោយ​ប្រើប្រាស់​ថិរ​វេលា​ 51.46​វិនាទី ស្រប​ពេល​ដែល​កីឡាករ​ជប៉ុន Yuki Kobori បាន​ឈ្នះ​មេដាយសំរឹទ្ធ​ជា​មួយនឹង​ថិរ​វេលា​51,77​វិនាទី​។

កីឡាករ Quah Zheng Wen ដែល​ជា​មិត្ត​រួម​ជាតិ​របស់ Schooling បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​4 ក្រោយពី​​ប្រើ​ប្រាស់​ថិរ​វេលា​52.54​វិនាទី​។ Schooling បានប្រើ​ប្រាស់​ថិរ​វេលា​តិច​ជាង​គេ​បំផុត​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ កាលពី​ព្រឹក​ថ្ងៃពុធ ខណៈ​ដែល Quah ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​4 ​ដូច​គ្នា​​។ មេដាយមាស​នេះ​គឺ​ជា​មេដាយ​​ទី​2 ​របស់ Schooling ក្នុង​ព្រឹត្តិការណ៍ Asian Games ឆ្នាំ​2018 ក្រោយពី​រូប​គេ​បាន​ជួយ​ឱ្យ​ក្រុម​ហែល​ទឹក​​បុរស​ចម្ងាយ 4x200m ឈ្នះ​មេដាយ​សំរឹទ្ធ​កាលពី​ថ្ងៃ​ចន្ទ​។

កីឡាករ​វ័យ​ 23​ឆ្នាំ​រូបនេះ បាន​ស្ថិតក្នុង​ការ​ចាប់អារម្មណ៍​ខ្លាំង ក្រោយពី​​ឈ្នះ​ការ​ប្រកួត​ហែល​ទឹក​បែប​មេ​បំ​បៅ ចម្ងាយ​ 100ម៉ែត្រ ក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ​2014 នៅ​ទីក្រុង Incheon​។ ក្រោយមក រូប​គេ​បាន​បន្ត​ធ្វើ​ដំណើរ​ជួយ​ឱ្យ​សិង្ហ​បុរី ឈ្នះ​មេដាយមាស​ជាលើក​ទី​1 ​ក្នុងព្រឹត្តិការណ៍​អូឡាំ​ពិក ដោយ​ផ្តួល​កីឡាករ​ហែល​ទឹក​ដ៏ឆ្នើម Michael Phelps ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីឆ្នាំ​2014៕

ប្រភព​ពី៖ Channel News Asia

Advertisement