ចិនរៀបចំ​កម្មវិធី​អនឡាញផ្តល់លុយឱ្យប្រជាជនដែលដាំដើមឈើ

អ្នករៀបចំ​គោលនយោបាយចិន​កំពុង​តែប្រើយុទ្ធសាស្ត្រ​ព្រួញមួយបាញ់បានសត្វ2 ដែលបាន​ប្រើប្រាស់វិធីជំរុញឱ្យប្រជាជន​ដាំដើមឈើដើម្បីទទួលលុយពីការលក់កាបូន​ឧស្ម័នពីដើមឈើ ស្របពេលដែលវាក៏ជាយុទ្ធសាស្រ្តល្អផងដែរក្នុងការកាត់បន្ថយភាពក្រីក្រ។

ដោយសារតែ​ចង់​ជំរុញឱ្យមានការថែរក្សាដើមឈើ ប្រទេសធំៗទាំងអស់បានចំណាយថវិកាជាច្រើនដើម្បីទិញ​សារធាតុកាបូនដែលដើមឈើស្រូបបាន ហើយ​ចំណូលនេះអាចធ្វើឱ្យប្រទេសដែលមានដើមឈើយកទៅប្រើប្រាស់សម្រាប់ប្រតិបត្តិការក្នុងសង្គម និងថែរក្សាធនធានធម្មជាតិឱ្យនៅច្រើនដើម្បីទទួលបានចំណូលបន្ត។ ស្ថិតក្នុងស្ថានភាពបែបនេះ ចិន បាន​ជំរុញអ្នកភូមិរបស់ខ្លួនឱ្យដាំដើមឈើដោយផ្តល់កញ្ចប់ថវិកាដល់ប្រជាជនក្នុងមួយគ្រួសារ ដែលក្នុងនោះ​រដ្ឋាភិបាលរំពឹងថា​វាអាចបង្កើនចំណូលជាមធ្យមប្រមាណ 1.000យ័ន្ត ឬប្រហែលនឹង 150ដុល្លារអាមរិក ក្នុងមួយឆ្នាំ ខណៈ​ចំណូល​មធ្យមនៅជនបទក្នុងខេត្ត​ខ្លះ​ទទួលបានត្រឹមតែ​ 8,869យ័ន្តតែប៉ុណ្ណោះ។

លោកស្រី Fu Yeqie ប្រធានផ្នែកគ្រប់គ្រង​ការផ្លាស់ប្តូរអាកាសធាតុនៃ​ខេត្ត Guizhou បានពន្យល់ថាគាត់និង​ក្រុមការងារ​នឹង​ជួយអ្នកភូមិ​ដោយ​ការកត់ចំណាំ​ដើមឈើ​ដែលពួកគេបានដាំ និងគណនាពីចំនួនកាបូនដែល​ស្រូបចេញពីដើមឈើនោះ ដើម្បីដាក់បញ្ចូលព័ត៌មានទៅក្នុង​កម្មវិធី​អនឡាញ សម្រាប់គណនា​ជាទឹកប្រាក់សម្រាប់ពួកគេវិញ។ លុយដែលបានពីការដាំដើមឈើនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងធនាគារ​របស់ប្រជាជនម្នាក់ៗ ដោយក្នុងនោះ​ដើមឈើមួយដើមទទួលបានប្រាក់ប្រមាណជា 3យ័ន្តក្នុងមួយឆ្នាំ៕

Advertisement