ការអប់រំកូនបែបវិជ្ជមានជាវិធីសំខាន់ក្នុងការជំរុញកូនឱ្យក្លាយជាមនុស្សមានវិន័យ និងក្លាយជាពលរដ្ឋល្អ

គ្រួសារថ្មីរបស់កម្ពុជាជាច្រើន​បាន​កើតឡើង​តែពួកគេមួយចំនួនមិនទាន់យល់ដឹងច្បាស់នៅឡើយទេពីការ​អប់រំកូន ឬវិធីក្លាយជាឪពុកម្តាយល្អ (Parenting Skill) ដែល​វាជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញកុមារតូចៗឱ្យក្លាយជាមនុស្សខ្លាំងសម្រាប់សង្គមនាពេលអនាគត។

ហេតុនេះ​ការអប់រំ​កូនបែបវិជ្ជមាន​គឺជាផ្នែកយ៉ាងសំខាន់ក្នុងការកសាងចរិតលក្ខណៈល្អដល់ក្មេងផង និងជាការ​ជួយសង្គម​តាមរយៈការ​ជំរុញការអប់រំពីក្នុងគ្រួសារ​ ដែលអាចឈានទៅដល់​ការបង្កើនសីលធម៌រស់នៅល្អក្នុងសង្គម កាត់បន្ថយបទល្មើសដោយសារក្មេងទំនើង និង​ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបណ្តុះធនធានល្អ​បានយ៉ាងប្រសើរថែមទៀតផង។

បើយោងតាម​ឯកសារស្តីពីការ​ចិញ្ចឹមកូនបែបវិជ្ជមានបានបញ្ជាក់ថា ការចិញ្ចឹមកូនតាមបែបវិជ្ជមាន ជាការចិញ្ចឹមកូន​ដោយមិនប្រើប្រាស់ទម្រង់ណាមួយនៃអំពើហិង្សា​រួមទាំងការមិនអើអើ ដោយផ្តោតលើ​គោលដៅយូរអង្វែង​ ការផ្តល់ភាពកក់ក្តៅ និងដែនកំណត់ ការយល់អំពីការគិត និងអារម្មណ៍ និងការដោះស្រាយបញ្ហារបស់ក្មេង។

ចំណុចសំខាន់មួយទៀតដែល​អាណាព្យាបាលគួរដឹងគឺការអប់រំ ឬចិញ្ចឹមកូនតាមបែបវិជ្ជមានគឺសង្កត់ធ្ងន់លើកិច្ចគាំទ្រ និង​ជំរុញលើកកម្ពស់កុមារឱ្យមានការយល់ដឹងស៊ីជំរៅពីជីវិតរស់នៅប្រចាំថ្ងៃរបស់គរ។ វាជាវិធីសាស្រ្តយ៉ាងវិជ្ជមាន និង​អហិង្សា ដែលអាចជួយក្មេងឱ្យ​មានអារម្មណ៍ប្រកបដោយសន្តិភាពក្នុងការ​អនុវត្តនូវវិន័យ​នានា។ ការចិញ្ចឹមកូនបែបវិជ្ជមាន​គឺចាំបាច់ត្រូវ​លើកទឹកចិត្តកូនឱ្យ​មានការប្រាស្រ័យទាក់ទងល្អ ព្រមទាំងឱ្យតម្លៃខ្ពស់លើពួកគេក្នុងការសម្រេចចិត្ត​ទៅតាមកម្រិតយល់ដឹងរបស់ក្មេង៕

Advertisement