លោក មាស សារិន ដាក់ផែនការ ៥ចំណុចធំៗក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៧កាលពីល្ងាចម្សិលមិញនោះ ប្រធានសហព័ន្ធ លោកមាស សារិន បានដាក់ផែនការធំៗ ៥ចំណុចក្នុងដំណើរឆ្ពោះទៅកាន់ភាពជោគជ័យនាឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យកីឡាជាតិយើង ហើយថែមទាំងបានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីដែលទទួលបានជយលាភីពីឆាកអន្តរជាតិទៀតផង។

ជាមួយនឹងការយកចិត្តទុកដាក់ចំពោះវិស័យកីឡានៅកម្ពុជាពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្តេជ្ញាចិត្តខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីអភិវឌ្ឍកីឡាមួយនេះឈានទៅដណ្តើមយកមេដាយជូនកម្ពុជានៅក្នុងស៊ីហ្គេមឆ្នាំ២០២៣ឱ្យបាន។ ទិសដៅធំៗចំនួន៥ ដែលប្រធានសហព័ន្ធកីឡាទាញព្រ័ត្ររូបនេះ បានប្រកាសដាក់ចេញសម្រាប់ធ្វើការអភិវឌ្ឍនោះ រួមមាន៖ ទិសដៅទី១. ខិតខំពង្រឹងកីឡាករថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនី ពង្រឹងក្លិប និងសមាគមកីឡាទាញព័ត្រឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។ ទី២.ពង្រឹងសមត្ថភាពចៅក្រមអាជ្ញាកណ្តាលឱ្យកាន់តែល្អប្រសើរឡើង ទាំងបរិមាណ និងគុណភាពដោយត្រូវបើកវគ្គសិក្សាជំនាញនេះរៀងរាល់ឆ្នាំឱ្យបានមួយឆ្នាំម្តងឱ្យបានជាដាច់ខាត។ ទី៣.សហព័ន្ធនឹងខិតខំជំរុញរៀបចំការប្រកួតឱ្យបានញឹកញាប់ និងឱ្យបានច្រើនតាមដែលអាចធ្វើបាន ពិសេសគឺពង្រឹងការហ្វឹកហាត់ឱ្យកាន់តែខ្លាំងទៅតាមសមាគម ឬក្លិបក្រោមឱវាទរបស់សហព័ន្ធ។ ទី៤.ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងទាំងផ្ទៃក្នុងរបស់សហព័ន្ធ សមាគម និងក្លិបនៅទូទាំងប្រទេស។ ទី៥.ប្រឹងប្រែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀតដែលមានសប្បុរសជន និងក្រុមហ៊ុនឯកជននានាជាដៃគូក្នុងការអភិវឌ្ឍវិស័យកីឡានេះ៕

Advertisement