តារាសម្ដែង បេប៊ី រៀបរាប់ពីរឿងចម្លែកមួយ ខណៈគ្រងឈុតព្រះនាង ឥន្រ្ទទេវី

តារាសម្ដែងកញ្ញា បេប៊ី មួយរយៈចុងក្រោយនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ស្របពេលដែលនាងបង្ហាញឈុតព្រះនាង ឥន្រ្ទទេវី ដែលមើលទៅស័ក្ដិសមបំផុត រួមទាំងសម្រស់ និងការតុបតែងមុខរបស់នាងដែលប្រៀបដូចជារូបគំនូរដែលផុសឡើងមកដូច្នោះដែរ។

កញ្ញា​ បេប៊ី បានបញ្ជាក់ប្រាប់ថា ពិតជាមានកិត្ដិយស និងមោទនភាពណាស់សម្រាប់រូបនាងក្នុងនាមជាតារាសម្ដែងមួយរូបដែលបានគ្រងព្រះពស្រ្តារបស់ព្រះនាងឥន្រ្ទទេវី ដែលជាក្សត្រីមួយអង្គពោរពេញដោយបញ្ញាញាណ។ នាងបានបន្ដថា ជាមួយនឹងក្ដីរីករាយនេះ ស្រាប់តែមានហេតុចម្លែកមួយកើតឡើងចំពោះរូបនាង នៅពេលដែលនាងកំពុងគ្រងឈុតបុរាណមួយនោះ នាងមានអារម្មណ៍ដូចជាឈឺក្បាលចង់ក្អួតភ្លាមៗតែម្ដង។ នាងបន្តថា ពីមុនមកនាងតែងតែបានឮថា មុនពេលគ្រងសម្លៀកបំពាក់សម័យបុរាណ ឬព្រះពស្រ្តារបស់អង្គក្សត្រណាមួយ ត្រូវតែមានការបន់ស្រន់ និងអុជធូបសុំ ជាមុនសិន ទើបគ្រងទៅបានសុខសប្បាយ គ្មានបញ្ហាអ្វីកើតឡើង ហើយនាងក៏បានអនុវត្ដទៅតាមនោះរួចរាល់អស់ហើយដែរ ប៉ុន្ដែក្រោយពីគ្រងសំលៀកបំពាក់នោះបានតែមួយភ្លែត ស្រាប់តែធ្វើឱ្យនាងវិលមុខ ឈឺក្បាលតែម្ដង។

បេប៊ី បានបញ្ជាក់ថា «ក្រោយពីកើតអាការនេះភ្លាម ម៉ាក់ក៏បានឱ្យខ្ញុំអុចធូបសុំទៅដល់បុព្វបុរសម្ដងទៀត។ គ្រាន់តែបានបន់ស្រន់ហើយភ្លាម អាការនោះក៏បាត់ដូចគេបេះចេញតែម្ដង។ ខ្ញុំសឹងតែមិនជឿថា មានហេតុការណ៍បែបនេះកើតឡើងចំពោះខ្ញុំឡើយ»។

ទោះបីជាយ៉ាងណា តារាសម្ដែងរូបនេះបានលើកឡើងថា នាងពិតជាមានអារម្មណ៍ថា ខ្លួនអស្ចារ្យខ្លាំងណាស់ជាមួយការគ្រងសំលៀកបំពាក់មួយឈុតនោះ ដោយសារតែចាប់តាំងពីចូលសិល្បៈអស់ជាច្រើនឆ្នាំ និងសម្ដែងអស់ជាច្រើនរឿងមកនាងមិនធ្លាប់បានគ្រងបុរាណបែបនេះឡើយ។ គួរបញ្ជាក់ថា តារាសម្ដែងរូបនេះក៏ទទួលបានពានរង្វាន់មាស សម្រាប់ឈុតបុរាណពីគណៈកម្មការរៀបចំកម្មវិធី ខួប 2ឆ្នាំរបស់គ្រួសារតារាកម្ពុជា ដោយមានការចូលរួមពីឯកឧត្ដមខៀវ កាញារិទ្ធ និងផលិតករ អ្នកនិពន្ធ និងតារាជាច្រើនរូបផងដែរ៕

Advertisement