Mark Zuckerberg​ ពោលសរសើរក្រុមអ្នកជំនាញជួយសង្គ្រោះក្មេងៗនៅក្នុងរូងភ្នំថាំលួង

តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា នៅទីបំផុតបន្ទាប់ពីទំព័រហ្វេសប៊ុក Thai NavySEALបានបង្ហោះសារថា បាននាំក្រុមជ្រូកព្រៃបាន 8នាក់ចេញពីរូងភ្នំថាំលួងក្នុងរយៈពេល 2ថ្ងៃដោយសុវត្ថិភាព និងសម្រេចភារកិច្ចផ្សេងទៀតបានយ៉ាងរលូនរួចមក តាមរយៈហេតុការណ៍នេះបានធ្វើឱ្យបិតាហ្វេសប៊ុកលោក Mark Zuckerberg​ ចូលមកបញ្ចេញមតិ និងសម្ដែងក្ដីរីករាយចំពោះក្រុមជួយសង្គ្រោះក្មេងៗកីឡាករបាល់ទាត់ ក្រុមជ្រូកព្រៃ នេះដែរ។

លោក Mark Zuckerberg បាននិយាយថា «ពីអ្នកទាំងគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក ខ្ញុំសូមចូលសម្ដែងក្ដីត្រេកអរ និងស្ងើចសរសើរចំពោះភាពក្លាហានរបស់ក្រុមជួយសង្គ្រោះយ៉ាងអស្ចារ្យ ដែលសម្រេចបាននូវការនាំក្រុមជ្រូកព្រៃ 8នាក់ចេញពីរូងភ្នំប្រកបដោយសុវត្ថិភាព។ សូមឱ្យសំណាងល្អ ចំពោះដំណើរការប្រតិបត្តិការរបស់អ្នកទាំងអស់គ្នា ដែលនៅសល់ក្មេងៗកីឡាករ 4រូប និងគ្រូបង្វឹកមួយរូបទៀត សូមឱ្យបានចាកចេញមកទាំងអស់គ្នាដោយសុខសុវត្ថិភាព»។

សូមជម្រាបបន្ថែមថា ខណៈនេះគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យធំក្នុងខេត្តឈៀងរ៉ាយ បានអនុញ្ញាតឱ្យអាណាព្យាបាលរបស់ក្មេងៗក្រុមជ្រូកព្រៃ បានឃើញមុខកូនៗឆ្លងកាត់តាមផ្ទាំងកញ្ចក់សិន នៅមិនទាន់បានបើកឱ្យចូលទៅកាន់គ្រែសម្រាកព្យាបាលនៅឡើយទេ៕

Advertisement