អតីតបេក្ខភាពបវរកញ្ញាផែនដី កញ្ញា អែម គន់ថង ងាកមកចាប់អាជីពជាតារាសម្ដែង

កញ្ញា អែម គន់ថង គឺជាអតីបរវកញ្ញាដែលបានជាប់ចំណាក់ថ្នាក់លេខ​ 2 កាលពីឆ្នាំ2016 ហើយក៏ជាអ្នកតំណាងឱ្យកម្ពុជា ចេញទៅប្រកួតដណ្ដើមតំណែងជាបវរកញ្ញាផែនដីកាលពីឆ្នាំ2017 នៅប្រទេសហ្វីលីពីន ក្រោមការចូលរួមពីបវរកញ្ញាអន្តរជាតិចម្រុះជាតិសាសន៍សរុបចំនួន86ប្រទេសផងដែរ។ រំឭកដល់គ្រានោះ បើទោះជាកញ្ញាមិនបានទទួលចំណាក់ថ្នាក់កំពូលផុតគេក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់កញ្ញាក៏ត្រូវបានក្លាយជាបវរកញ្ញាកិត្តិយសប្រចាំប្រទេស ដែលបាននាំយកវប្បធម៌ខ្មែរ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាផ្សព្វផ្សាយនៅលើឆាកអន្តរជាតិដែរ។ ប៉ុន្តែពេលនេះ អ្វីដែលពាក់ព័ន្ធទៅនឹងប្រធានបទដែលត្រូវយកមកបរិយាយនាពេលនេះ គឺចំណូលចិត្តថ្មីរបស់ស្រីស្រស់រូបនេះ ប្រាថ្នាចង់ក្លាយខ្លួនជាតារាសម្ដែង បន្ថែមលើអាជីពជាតារាបង្ហាញម៉ូដដែលកំពុងមានទីផ្សារនាពេលបច្ចុប្បន្ននេះ។

ទើបតែបានឈានជើងចូលប្រឡូកនៅក្នុងវិស័យសិល្បៈត្រឹមប្រមាណជាង3ឆ្នាំប៉ុណ្ណោះតាមរយៈការប្រជ្រៀតខ្លួនចូលជាបេក្ខភាពបវរកញ្ញាប្រចាំឆ្នាំ2016 បន្ទាប់ពីកញ្ញាបានចាកឆ្ងាយស្រុកកំណើតនៅឯទឹកដីជាយសមុទ្រក្រុងព្រះសីហនុកាលពីអំឡុងឆ្នាំ2015។ នៅក្នុងរយៈពេលដ៏ខ្លីនេះ កញ្ញា អែម គន់ថង បានព្យាយាមកសាងកេរ្តិ៍ឈ្មោះយ៉ាងត្រចះត្រចង់រហូតបានក្លាយជាបវរកញ្ញាតំណាងកម្ពុជា ចេញទៅប្រកួតដណ្ដើមពានរង្វាន់បវរកញ្ញាផែនដីកាលពីឆ្នាំ2017។ នៅក្នុងរយៈពេលរួមគ្នាខាងលើនេះស្រីស្រស់ម្នាក់នេះក៏ទទួលបានទីផ្សារការងារពាក់ព័ន្ធទៅនឹងអាជីពគួរឱ្យកត់សម្គាល់ ដែលក្រៅពីមមាញឹកជាមួយអាជីពជាតារាបង្ហាញម៉ូដនៅក្នុងក្រុម Rising Star របស់ក្រុមហ៊ុន Arise Agency កញ្ញាក៏ជាប់រវល់ជាមួយនឹងការងារផ្សេងទៀតដូចជា ការថតស៉្បតផ្សព្វផ្សាយផលិតផលការថតសម្អាងការ ថតម៉ូដសម្លៀកបំពាក់ក៏ដូចជាថតឈុតចម្រៀងខារ៉ាអូខេជាដើម។ យ៉ាងណាក៏ដោយ បើទោះជាភាពមមាញឹកកំពុងតែហ៊ុមព័ទ្ធរាងកាយស្ទើរគ្មានពេលសម្រាកក្ដីប៉ុន្តែវាហាក់នៅមិនទាន់គ្រប់តម្រូវការ និងមហិច្ឆិតារបស់កញ្ញានៅឡើយ ខណៈដែលពេលនេះ គន់ថង បានបង្ហើបថា ចង់អភិវឌ្ឍខ្លួនក្លាយជាតារាសម្ដែងខ្សែភាពយន្តមួយទៀត។

ជួបជាមួយអ្នកយកព័ត៌មានប្រចាំនៅទស្សនាវដ្ដី ឡារ៉ែន បន្ទាប់ពីសម្រាកការងារថតម៉ូដសម្លៀកបំពាក់ LOOKSWOMEN កាលពីពេលកន្លងទៅនេះ កញ្ញា អែម គន់ថង បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា “ការងារសិល្បៈសព្វថ្ងៃនេះខ្ញុំក៏ទទួលបានច្រើន និងរវល់ស្ទើររាល់ថ្ងៃតែម្ដងដែលសូម្បីតែការងារសិក្សាក៏ត្រូវបានសម្រេចផ្អាកមួយរយៈពេលសិនដែរ។ ការងារទាំងនោះភាគច្រើនជាប្រភេទដើរបង្ហាញម៉ូដ និងថតសម្អាងការ។ ប៉ុន្តែបើជាក្ដីប្រាថ្នារបស់ខ្ញុំផ្ទាល់ គឺនៅមានមួយទៀតដែលជាក្ដីស្រមៃរបស់ខ្ញុំតាំងពីក្មេង នោះគឺអាជីពជាតារាសម្ដែងខ្សែភាពយន្ត។ សព្វថ្ងៃនេះ ខ្ញុំកំពុងតែព្យាយាមហាត់សម្ដែងជាបណ្តើរៗ ហើយបើមានឱកាសគឺខ្ញុំនឹងចាប់ឱ្យជាប់តែម្ដង”។

គួរបញ្ជាក់ផងដែរថា ចូលមកដល់ពាក់កណ្តាលឆ្នាំ2018 នេះ កញ្ញា អែម គន់ថង ទើបតែមានអាយុ19ឆ្នាំ និងមានស្រុកកំណើតនៅក្រុងព្រះសីហនុ ដោយមានបងប្អូនចំនួន2នាក់ក្នុងនោះកញ្ញា គឺជាកូនស្រីពៅនៅក្នុងគ្រួសារ។ ដោយសារតែការស្រឡាញ់វិស័យសិល្បៈ គាប់ជួនជាមួយនឹងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិផងដែរនោះ នៅក្នុងឆ្នាំ2015 កញ្ញា បានសម្រេចចាកចេញពីស្រុកកំណើត ហើយមកសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈតាមរយៈការចូលរួមប្រឡងបវវរកញ្ញាឯកប្រចាំឆ្នាំ2016 ជាមួយនឹងលទ្ធផលជាប់ចំណាត់ថ្នាក់លេខ2៕

Advertisement