នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Intel លាឈប់​ពី​តំណែង ក្រោយ​ធ្លាយ​ព័ត៌មាន​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក

នាយក​ប្រតិបត្តិ (CEO) ក្រុមហ៊ុន​ផលិត Chip ដ៏​ធំ និង​ល្បីល្បាញ​លំដាប់​ពិភពលោក Intel បាន​លាឈប់​ពី​តំណែងភ្លាមៗ បន្ទាប់ពី​ក្រុមប្រឹក្សាភិបាល​បាន​រកឃើញថា មាន​ទំនាក់ទំនង​កិច្ចសន្យា​ខុសច្បាប់​ជាមួយនឹង​បុគ្គលិក​ដែល​ល្មើ​សនឹង​ច្បាប់​របស់​ក្រុមហ៊ុន។

យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឱ្យដឹងថា នាយក​ប្រតិបត្តិក្រុមហ៊ុន​ផលិត Chip ធំជាងគេ​របស់​អា​មេ​​រិ​ក លោក Brian Krzanich បាន​លាឈប់​ពី​តំណែង ដោយសារតែ​លោក​បាន​ល្មើស​នឹង​ច្បាប់​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន Intel បានកំណត់​ច្បាប់​ថា រាប់​ចាប់ពី​តំណែង​នាយក ឬ​ប្រធាន​គ្រប់គ្រង​ឡើងទៅ គឺ​មិន​អនុញ្ញាតឱ្យ​ចុះកិច្ចសន្យា​ក្រៅ​ផ្លូវច្បាប់​ណាមួយ​ជាមួយនឹងបុគ្គលិកឡើយ ហើយបើសិនជាក្រុមហ៊ុន​រកឃើញថា មាន​បុគ្គល​ណាមួយ​ល្មើ​សនឹង​ច្បាប់​នេះ នឹងត្រូវ​បញ្ឈប់​តួនាទីភ្លាម។

ពាក់ព័ន្ធ​នឹង​ករណីនេះ ខាង​ក្រុមហ៊ុន Intel មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ល្មើសច្បាប់​នេះឡើយ ដោយ​គ្រាន់តែ​បង្ហើប​ឱ្យដឹងថា លោក Robert Swan បច្ចុប្បន្ន​ជា​ប្រធាន​ហិរញ្ញវត្ថុ ត្រូវបាន​ជ្រើសតាំង​ឱ្យ​ឡើងកាន់តំណែង​នាយក​ប្រតិបត្តិ​ស្ដីទី ខណៈដែល​ពេលនេះ ក្រុមហ៊ុន Intel កំពុងតែ​ស្វែងរក​បុគ្គល​ដែលមាន​សមត្ថភាព​ទាំង​នៅក្នុង និង​ក្រៅ​ក្រុមហ៊ុន​ដើម្បី​មកកាន់​តំណែង​នាយក​ប្រតិបត្តិ​នេះ។

គួរបញ្ជាក់​ផងដែរ​ថា លោក Krzanich វ័យ 58ឆ្នាំ ដែលជា​វិស្វករ​អគ្គិសនី ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Intel កាលពី​ខែឧសភា ឆ្នាំ2013៕

Advertisement