គ្រូបង្វឹក​អាល្លឺម៉ង់ ថា ក្រុម​ខ្លួន​ពិតជា​មិន​សម​ទៅ​វគ្គ 16ក្រុម​ចុងក្រោយ​មែន

លោក Joachim Loew បាន​បញ្ជាក់ថា ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​របស់លោក ពិតជា​មិនមាន​ការ​ស័ក្តិសម​ក្នុងការ​ឈានទៅ​វគ្គ 16ក្រុម​ចុងក្រោយ​មែន ក្រោយពី​បានឃើញ​ក្រុម​របស់លោក​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​សែន​អន់​ក្នុងពេល​ចាញ់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​យ៉ាង​មិន​នឹកស្មាន​ដល់ ក្នុង​លទ្ធផល 2-០ ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​ពូ​ល F កាលពី​ថ្ងៃ​ពុធ។

លទ្ធផល​នេះ បានធ្វើឱ្យ​ក្រុម​អាល្លឺម៉ង់​ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​ជា​លើក​ទី1 ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន បើ​គិត​ចាប់តាំងពី​ឆ្នាំ1938 ខណៈដែល​ពួកគេ​ក៏បាន​បញ្ចប់​ដោយ​ស្ថិតនៅ​បាត​តារាង​នៃ​ពូ​ល​ផងដែរ។

ក្រុម​ម្ចាស់​ជើងឯក 4សម័យកាល​មួយ​នេះ គួរតែ​ផ្តួល​ក្រុម​កូរ៉េខាងត្បូង​ដោយ​គ្រាប់​បាល់​នាំមុខ​ចាប់ពី 2គ្រាប់​ឡើងទៅ ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​ពូ​ល F របស់​ពួកគេ​ក្នុង​ទីក្រុង Kazan ដើម្បី​ឈានទៅ​វគ្គ 16ក្រុម​ចុងក្រោយ ប៉ុន្តែ​ក្រោយពី​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ បាន​ស្រឡាំងកាំង​នៅ​នាទី​បន្ថែម 5នាទី ខណៈដែល​កូរ៉េខាងត្បូង​បាន​ស៊ុត​បាល់​បញ្ចូល​ទី 2គ្រាប់ ដើម្បី​កត់ត្រា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​មួយ​លើ​ក្រុម​មាន​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​មួយ​នេះ។

លោក Loew បាន​និយាយថា យើង​មិន​ស័ក្តិសម​ក្នុងការ​ឈានទៅ​វគ្គ 16ក្រុម​ចុងក្រោយ​ឡើយ។ យើង​បាន​ខិតខំ​ព្យាយាម​ខ្លាំង ដើម្បី​ឈ្នះ ប៉ុន្តែ យើង​មិន​បានទទួល​ឱកាស​ក្នុង​ការរក​គ្រាប់​បាល់​នាំមុខ​ឡើយ៕

ប្រភពពី៖ Sport24

Advertisement