Cilic ផ្តួល​ជើង​ខ្លាំង Djokovic ដើម្បី​លើក​ពាន Queen’s Club

កីឡាករ​វាយ​កូន​បាល់ Marin Cilic ដែលមាន​ចំណាត់ថ្នាក់​លេខ1 ប្រចាំ​ព្រឹត្តិការណ៍​បាន​សង្គ្រោះ​ពិន្ទុ​កាត់សេចក្តី 1លើក នៅមុន​ពេល​ផ្តួល​កីឡាករ Novak Djokovic ក្នុង​លទ្ធផល 5-7 7-6 (4) និង6-3 ដើម្បី​ឈ្នះ​ពាន Queen’s Club Championships ជា​លើក​ទី2 របស់គេ​កាលពី​ថ្ងៃអាទិត្យ។

Cilicដែល​បានឈ្នះ​ពាន​នេះ​ជា​លើកចុងក្រោយ​កាលពី​ឆ្នាំ2012 នោះ បាន​គ្រប់គ្រង​ការប្រកួត​យ៉ាង​ល្អ នៅលើ​ទីលាន ប៉ុន្តែ​បាន​ខ្ជះខ្ជាយ​ពិន្ទុ​ដ៏​សំខាន់​ចំនួន 6លើក​ក្នុង​ការប្រកួត​សិត​បើកឆាក ដែលនាំឱ្យ Djokovic មានឱកាស​វាយបក​វិញ។ កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស៊ែ​ប៊ី​វ័យ 31ឆ្នាំ​រូបនេះ បាន​ដណ្តើមយក​ឱកាស​របស់គេ​ដើម្បី​វាយ​កូន​បាល់​យ៉ាង​ល្អ ក៏ដូចជា​ទប់ទល់​នឹង​ការ​វាយ​សេវា​របស់ Cilic មុននឹង​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​សិត​ទី1 ក្រោយពី​ការ​ប្រជែង​គ្នា​អស់​រយៈពេល1ម៉ោង។ ជើង​ខ្លាំង Djokovic បាន​របូត​ត្រឹមតែ 1ពិន្ទុ​គត់​នៃ​ការ​វាយ​សេវា​របស់គេ​អំឡុង​សិត​ទី2 ហើយ​ហាក់ដូចជា​កំពុង​ស្ថិតនៅ​ផ្លូវ​ទៅកាន់​ជ័យជម្នះ​ទៅហើយ ប៉ុន្តែ​កីឡាករ Cilic បាន​វាយបក​វិញ​យ៉ាង​ល្អ ដើម្បី​ដណ្តើមយក​ជ័យជម្នះ​ក្នុងការ​ប្រកួត​សិត​នោះ។

ស្របពេល​ដែល​ការ​មានប្រៀបផ្សេងៗធ្លាក់​ទៅលើ​រូបគេ​វិញ Cilic បាន​គ្រប់គ្រង​ការប្រកួត​យ៉ាង​ល្អ​នៅក្នុង​ទីលាន​ភាគ​ខាងលិច​នៃ​ទីក្រុង​ឡុង​ដ៍ ខណៈដែល​រូបគេ​បាន​យកឈ្នះ​ក្នុងការ​ប្រកួត​សិត​ចុងក្រោយ ដើម្បី​ឈ្នះ​ពាន​ជា​លើក​ទី1 របស់គេ​នៅ​ឆ្នាំនេះ​តែម្តង៕

ប្រភពពី៖ Channel News Asia

Advertisement