Man Utd ចុះហត្ថលេខា​ជាមួយ Dalot មកពី Porto ក្នុងតម្លៃ​ខ្លួន 19លាន​អឺរ៉ូ

ក្លិប​បិសាច​ក្រហម Manchester United បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែការពារ DiogoDalot មកពី​ក្លិប Porto កាលពី​ថ្ងៃ​ពុធ។ ខ្សែការពារ​កណ្តា​លវ័យ 19ឆ្នាំ​រូបនេះ ដែល​ត្រូវបាន​គេ​យល់ឃើញថា បាន​ផ្ទេរ​ក្នុងតម្លៃ​ខ្លួន 19លាន​អឺរ៉ូ (ស្មើនឹង 26លាន​ដុល្លារ​អាមេរិក) នោះ បានទទួល​ការពិនិត្យ​សុខភាព​ជាមួយនឹង​ក្លិប Man United រួចហើយ​កាលពី​ថ្ងៃ​អង្គារ។

Dalot បាន​ចុះហត្ថលេខា​រយៈពេល 5ឆ្នាំ ជាមួយនឹង​ជម្រើស​ក្នុង​ការបន្ត​រយៈពេល 1ឆ្នាំ​ទៀត និង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី2 របស់លោក Jose Mourinho នា​រដូវក្តៅ​នេះ ក្រោយពី​ខ្សែការពារ​អន្តរជាតិ​អង់គ្លេស Fred បាន​ចូលរួម​ក្នុងតម្លៃ​ខ្លួន 50លាន​ផោន (ស្មើនឹង 67លាន​ដុល្លារ​អាមេរិក)។

Dalotបានឱ្យដឹងថា៖ «ការចូលរួម​ជាមួយនឹង​ក្លិប Manchester United គឺជា​ឱកាស​ដែល​មិន​គួរឱ្យ​ជឿ​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​បានធ្វើ​ការអភិវឌ្ឍ​ចេញពី​ក្រុមយុវជន​របស់ Porto ហើយ​ខ្ញុំ​ពិតជា​ថ្លែងអំណរគុណ​ដល់​រាល់អ្វីៗទាំងអស់​ដែល​ពួកគេ​បានធ្វើ​ចំពោះ​ខ្ញុំ។ ប៉ុន្តែ​ឱកាស​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ក្លិប​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​នេះ គឺជា​ឱកាស​ដែល​ខ្ញុំ​មិនអាច​ច្រានចោល​បានឡើយ»។

Dalot បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​រំភើប​ណាស់​ក្នុងការ​ធ្វើការ​ជាមួយនឹង​លោក Jose Mourinhoនិង​រៀន​រាល់អ្វីៗទាំងអស់​ដែល​ខ្ញុំ​អាច​ពី​គ្រូបង្វឹក​ដ៏​ជោគជ័យ​ម្នាក់នេះ។ ខ្ញុំ​កំពុងតែ​សម្លឹង​ឆ្ពោះទៅមុខ ទៅកាន់​ការលេង​រួមជាមួយ​នឹង​កីឡាករ​ដ៏​អស្ចារ្យ​ជាច្រើន​ក្នុង​ក្រុម​នេះ»។ លោក Mourinho បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ Man United ថា៖ «Diogo គឺជា​ខ្សែការពារ​វ័យក្មេង​ពោរពេញ​ដោយ​ទេពកោសល្យ​ម្នាក់ ដែលមាន​រាល់​គុណភាព​ទាំងអស់​ក្នុងការ​ក្លាយជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​សម្រាប់​ក្លិប​របស់គេ»៕

ប្រភពពី៖ Sky Sports

Advertisement