កាលពីរាត្រីថ្ងៃទី20 ខែឧសភា ឆ្នាំ2018 ស្វាមីរបស់តារាចម្រៀង អ្នកនាង ម៉ៅ ស៊ីណាត បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកេតុមាលា។ នេះបើតាមគណនីហ្វេសប៊ុករបស់តារាចម្រៀងស្រីរូបនេះ ដែលគេមើលឃើញថា អ្នកនាងពិតជាមានក្ដីរន្ធត់ចិត្ត និងមិនដាច់អាល័យចំពោះស្វាមីអ្នកនាងឡើយ ពោលគឺ អ្នកនាងបានខ្នះខ្នែងមើលថែរក្សា និងអង្គុយកំដរស្វាមីនៅក្នុងមន្ទីរពេទ្យមួយយប់ទល់ភ្លឺតែម្ដង។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា 10យប់នៅម្ដុំចំណុចអូឌឹម ជិតទីតាំងបម្រើការរបស់ស្វាមីអ្នកនាង ម៉ៅ ស៊ីណាត ដោយលោក វិសាល ត្រូវបានគេឃើញជិះម៉ូតូត្រឡប់មកផ្ទះ ហើយក៏បានបុកគ្នាពេញទំហឹងជាមួយនឹងរ៉ឺម៉កម៉ូតូកង់3 ដែលបត់ទាំងទទឹងទិស ដែលបណ្ដាលឱ្យស្វាមីអ្នកនាង ម៉ៅ ស៊ីណាត ដួលបោកក្បាលបែករយះ និងត្រូវបានក្រុមគ្រូពេទ្យអះអាងថា លោកត្រូវប្រឈមនឹងការបាក់ឆ្អឹងខាងក្នុងមួយចំនួន ឯរ៉ឺម៉កកង់បីនោះរត់បាត់ស្រមោល។
លោកត្រូវបានអ្នកនាង ម៉ៅ ស៊ីណាត បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ប៉ុន្តែត្រូវបានបញ្ជូនចេញនៅប៉ុន្មានម៉ោងក្រោយ ដោយសារតែស្វាមីអ្នកនាង ម៉ៅ ស៊ីណាត មានក្របខ័ណ្ឌជាទាហាន ហើយត្រូវបានគេស្នើឱ្យទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលត្រូវគេស្គាល់ថាជាពេទ្យទាហានវិញ៕