ជាប់ជាសិស្សពូកែទូទាំងប្រទេស ជាជោគជ័យយ៉ាងធំមួយសម្រាប់សិស្សដែលកំពុងខិតខំប្រឹងប្រែងជារៀងរាល់ឆ្នាំ ព្រោះការទទួលជ័យលាភីដ៏សំខាន់មួយនេះ មិនគ្រាន់តែអាចទទួលបានឱកាសអាហារូបករណ៍សម្រាប់សាកលវិទ្យាល័យ សំខាន់ៗប៉ុណ្ណោះទេ តែវាជាកិត្តិយសយ៉ាងធំធេងសម្រាប់ខ្លួនឯង គ្រួសារ និងសាលារៀនដែលយើងកំពុងសិក្សាថែមទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះ អតីតសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យា គឹម គីណាល់ បានលើកឡើងថា ដើម្បីសម្រេចក្តីស្រមៃជាសិស្សពូកែទូទាំងប្រទេស គាត់បានចែករំលែកបទពិសោធថា ទី1 ត្រូវស្វែងយល់ពីមេរៀនឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយសិនមុនពេលចាប់ផ្តើមអនុវត្តលំហាត់ផ្ទាល់ខ្លួនសំខាន់ៗ ហើយចំណុចទី2 គឺត្រូវធ្វើលំហាត់ដែលធ្លាប់បានស្រាវជ្រាវឱ្យអស់ តាមរយៈការសរសេរលើក្រដាសមិនមែនគិតតែមាត់នោះទេ និងចុងក្រោយគឺត្រូវចេះសួរឱ្យបានត្រូវរឿង ព្រោះអ្នកស្រាវជ្រាវអ្វីដែលថ្មីតែងតែមានសំណួរជាច្រើន ហេតុនេះការរកឃើញសំណួរត្រឹមត្រូវអាចនឹងធ្វើឱ្យយើងទទួលបានលទ្ធផលល្អ ឬចម្លើយប្រកបដោយ ភាពត្រឹមត្រូវដើម្បីស្វែងយល់ពីឫសគល់នៃមេរៀនផងដែរ។
យុវជន គឹម គីណាល់ បាននិយាយថា៖ “ការសិក្សាផ្នែករូបវិទ្យាគឺត្រូវការយល់ឱ្យបានច្បាស់ពីគោលបំណងនៃមេរៀន និងបាតុភូត បើមិនដូច្នោះទេយើងនឹងមិនអាចមានលទ្ធភាពយករូបមន្តទៅអនុវត្តដើម្បីដោះស្រាយលំហាត់ស្មុគស្មាញនោះបានទេ។
សិស្សពូកែរូបវិទ្យាខាងលើបានលើកឡើងផងដែរថា ការយករូបមន្តមកអនុវត្តលំហាត់ចាំបាច់ត្រូវធ្វើដោយការសរសេរជាក់ស្តែង ព្រោះវាអាចជួយយើងឱ្យមានសមត្ថភាពដោះស្រាយលំហាត់បានល្អប្រកបដោយភាពហ្មត់ចត់នៅពេលដែលយើងប្រឡងជាក់ស្តែងលើក្រដាស។ អ្នករៀនរូបវិទ្យាជាច្រើនមិនសូវចូលចិត្តធ្វើលំហាត់ដោយសរសេរលើក្រដាសនោះទេ ព្រោះគេចូលចិត្តគិតតែពីល្បិច និងគន្លឹះ រួចហើយក៏រំលងវាផុតដោយមិនបានសរសេរនោះទេ។
ចំណុចនេះ អាចធ្វើឱ្យពួកគេបរាជ័យនៅពេលប្រឡងសិស្សពូកែដែលមានលំហាត់ច្រើននិងសុទ្ធតែល្បិចខ្លាំងៗដែល ទាមទារឱ្យសរសេរប្រកបដោយភាពហ្មត់ចត់។ ថ្វីត្បិតតែពួកគេមានភាពវៃឆ្លាតក៏ពិតមែន តែការដែលមិនឧស្សាហ៍អនុវត្តលំហាត់ដោយការសរសេរអាចធ្វើឱ្យពួកគេមានចន្លោះប្រហោងច្រើននៅពេលសរសេរជាក់ស្តែងលើក្រដាសវិញ្ញាសាប្រឡង ឬងាយច្រឡំទៀតផង។
ងាកមកសិស្សពូកែគណិតវិទ្យាវិញម្តងលោក លឹម ម៉េងសាយ អតីតសិស្សពូកែគណិតវិទ្យាលេខ1ទូទាំងប្រទេស បានលើកឡើងថា មុននឹងក្លាយជាសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា មុន
ដំបូងគឺចាំបាច់ត្រូវមានចិត្តស្រឡាញ់មុខវិជ្ជានេះជាមុនសិន ព្រោះនៅពេលដែលយើងស្រឡាញ់មុខវិជ្ជាណាមួយហើយ យើងនឹងមើលឃើញថាមុខវិជ្ជានោះជាផ្នែកដែលមិនសាំញ៉ាំ ហើយពេលចាប់ផ្តើមអនុវត្តជាក់ស្តែងក៏មិនងាយនឹងធុញទ្រាន់ដែរ។
នៅពេលដែលយើងស្រឡាញ់មុខវិជ្ជាគណិតវិទ្យា យើងនឹងមើលឃើញថា វាហាក់បីដូចជាល្បែងកម្សាន្តដែលអាចធ្វើឱ្យយើងកាន់តែជក់ចិត្តក្នុងការរៀន និងដោះស្រាយលំហាត់លំបាកៗបាន។ ចំណុចមួយផ្សេងទៀតគឺ ត្រូវព្យាយាមចូលទៅជិតសិស្សច្បងដែលមានជំនាញខ្លាំងផ្នែកគណិតវិទ្យា ដើម្បីសុំការណែនាំ និងគន្លឹះសំខាន់ៗដើម្បីដោះស្រាយលំហាត់គណិតវិទ្យា។
លោក លឹម ម៉េងសាយ បាននិយាយថា៖ “នៅពេលដែលយើងម្នាក់ៗមានចំណាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជាដែលយើងកំពុងសិក្សា យើងនឹងឃើញថា ការសិក្សា ឬដំណោះស្រាយលំហាត់កាន់តែលំបាក គឺជារឿងមានន័យសម្រាប់ជីវិត ព្រោះយើងអាចធ្វើវាបានដោយខ្លួនឯង។
លោក លឹម ម៉េងសាយ បានបន្ថែមទៀតថា ក្រៅពីរកឃើញមុខវិជ្ជាដែលខ្លួនស្រឡាញ់ហើយ ការបែងចែកពេលវេលាគឺជារឿងសំខាន់មួយដែលអ្នកសិក្សាមិនគួរមើលរំលង។ ការបែងចែកពេលវេលាត្រូវធ្វើឡើងដោយទន់ភ្លន់តែម៉ឺងម៉ាត់សម្រាប់ខ្លួនឯង គឺកុំបង្ខំឱ្យត្រូវតែធ្វើតាមការកំណត់ទុកជាក់លាក់ណាមួយទាំងស្រុង។ ហើយពេលខ្លះសម្រាប់រូបលោកធ្លាប់ប្តូកាលវិភាគសម្រាប់ខ្លួន-
ឯងដល់ទៅ2ដងក្នុងមួយសប្តាហ៍ក៏មាន។ កាលវិភាគត្រូវធ្វើទៅតាមចិត្តដែលចង់រៀនខ្លាំងបំផុត មានពេលខ្លះចង់រៀនធរណីមាត្រមុនគេទាំងអស់ហេតុនេះកុំអាលបង្ខំខ្លួនឯងឱ្យរៀនផ្នែកផ្សេងដែលមិនចង់ គឺត្រូវរៀនផ្នែកនេះឱ្យបានខ្លាំងជាមុនសិនបន្ទាប់មកទើបចាប់ផ្តើមគិតពីផ្នែកដែលខ្លួនចង់រៀនបន្ទាប់ដើម្បីកំណត់ម៉ោងសម្រាប់ផ្នែកនោះឱ្យបានច្រើនជាងមុខវិជ្ជាដទៃ។
ចំពោះសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរវិញ កញ្ញា លី សុខុម បានលើកឡើងថា ការប្រឡងសិស្សពូកែផ្នែកនេះចាំបាច់ត្រូវការយល់ពីមេរៀនឱ្យច្រើនជាងការទន្ទេញ។ ចំណុចដែល
ត្រូវទន្ទេញគឺមានតែឈ្មោះរបស់អ្នកនិពន្ធ កាលបរិច្ឆេទច្បាស់លាស់ និងសម័យកាលនៃព្រឹត្តិការណ៍រឿងក្នុងអក្សរសិល្ប៍តែប៉ុណ្ណោះ តែការប្រឡងអក្សរសាស្ត្រខ្មែរ គឺមានសំណួរជាច្រើនដែលទាមទារឱ្យយើងចេះវិភាគ និងវែកញែកដោយលើកយកទឡ្ហីករច្បាស់លាស់មកសរសេរ។
កញ្ញា លី សុខុម បាននិយាយថា៖ “ចំពោះសំណួរបែបវិភាគ គឺត្រូវសរសេរតាមការយល់ និងចំណេះដឹងដែលបានរៀនលើផ្នែកអក្សរសិល្បិ៍ហើយចំពោះសំណួរណាដែលយើងយល់ថា មិនសូវច្បាស់ឬមិនចេះសូមកុំរំលងចោល យើងត្រូវព្យាយាមសរសេរដើម្បីបំពេញចន្លោះនោះឱ្យអស់ព្រោះបើគ្មានសំណេរសោះគឺត្រូវបានសូន្យ តែប្រសិនបើសរសេរត្រូវខ្លះប្រាកដជាបានពិន្ទុ។
សិស្សពូកែអក្សរសាស្ត្រខ្មែរខាងលើបានលើកឡើងផងដែរថា នៅពេលប្រឡងសិស្សពូកែទូទាំងប្រទេសអ្នកប្រឡងត្រូវមើលសំណួរឱ្យបានយល់ច្បាស់សិន សឹមសរសេរ ព្រោះកាលណាសរសេរខុស ឬច្រឡំប្រធានបទណាមួយប្រាកដជាធ្វើឱ្យខាតពេលវេលា។ ម្យ៉ាងវិញទៀត ត្រូវព្យាយាមបង្កើនជំនឿជាក់លើខ្លួនឯងឱ្យបានខ្ពស់ ព្រោះវាជាពេលបញ្ចេញសមត្ថភាព មិនមែនជាពេលដែលត្រូវព្រួយបារម្ភនោះទេ៕