លោកយាយ ណយ សំណាង ធ្លាក់ខ្លួនឈឺធ្ងន់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ

បើតាមរយៈការបង្ហោះរូបភាពរបស់លោក វណ្ណា ស័ក្ដិ ដែលជាកូនប្រុសបង្កើតរបស់លោក យាយ ណយ សំណាង វិរសិល្បការិនីជើងចាស់ផ្នែកចម្រៀងអាយ៉ៃ និងកំប្លែងបានមើលឃើញថា លោកយាយកំពុងតែធ្លាក់ខ្លួនឈឺខ្លាំង និងដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។

តារាចម្រៀងប្រុសប្រចាំផលិតកម្ម M រូបនេះបានបញ្ជាក់ពីស្ថានភាពរបស់ម្ដាយលោកនៅលើគណនីហ្វេសប៊ុកថា «សូមទេវតាឆ្នាំថ្មីជួយតាមថែរក្សាម៉ាក់ឱ្យរួចផុតពីជំងឺទាំងឡាយផងចុះ កូនមិនឱ្យម៉ាក់មានបញ្ហាអ្វីទាំងអស់ កូននឹងនៅក្បែរម៉ាក់ជានិច្ចណា កូនស្រឡាញ់ម៉ាក់ និយាយមែនណា…!» ។ លោកបានប្រាប់អ្នកសារព័ត៌មានថា «យប់មិញ ម៉ែគាត់ឈឺធ្ងន់ គាត់ធ្វើទុក្ខខ្លាំង។ គាត់ប្រាប់ថាឈឺចុងដង្ហើម ខ្ញុំក៏​បាន​នាំគាត់មកពេទ្យទាំងយប់ តែ​​គេងនៅពេទ្យឯកជនទេ ហើយ​ថ្ងៃ​បន្តិច​ក៏នាំគាត់ទៅសម្រាកនៅផ្ទះវិញ តែពេលព្រលប់នេះ អាការ​គាត់​​ក៏ធ្វើ​ទុក្ខជាថ្មី ខ្ញុំក៏នាំគាត់មកពេទ្យម្តងទៀត មិនបានចូលក្នុងពេទ្យ​ដែលនាំ​គាត់​មក​កាលពីយប់ទេ លើកនេះមកពេទ្យនៅផ្សារ​កណ្តាលតែ​ម្តង»។

កូនប្រុសដែលបានយកចិត្តទុកដាក់ថែរក្សាម្ដាយចាស់ជរារូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ដទៀតថា​ «ម៉ែខ្ញុំគាត់មិន​ចង់​ចូលទៅសម្រាក​ព្យា​បាល​នៅមន្ទី​រពេទ្យទេ គាត់មានអារម្មណ៍ខ្លាចពេទ្យ ដូចជាខ្លាចជំងឺគាត់ម៉េចមិនដឹងទេ អ៊ីចឹងហើយ​បាន​​ជា​ខ្ញុំ​នាំគាត់មកព្យាបាលតែពេទ្យឯកជនតែម្ដង។ តែនៅពេលនេះខ្ញុំ​ក៏នាំ​គាត់​ត្រឡប់ទៅផ្ទះវិញដែរហើយ ព្រោះពេទ្យ​គេ​បាន​ពិនិត្យចាក់ថ្នាំ ពេលនេះគាត់ក៏បានធូរស្បើយបន្តិចហើយដែរ»។

យ៉ាងណាមិញ អ្នកគាំទ្រ និងមហាជនអ្នកលេងបណ្ដាញសង្គមទាំងអស់ បាននាំគ្នាជូនពរលោកយាយ ណយ សំណាង ឱ្យឆាប់ជាសះស្បើយ និងសូមឱ្យទេវតាមានឫទ្ធិបារមី រួមទាំងវត្ថុស័ក្ដិសិទ្ធិទាំងឡាយ តាមថែរក្សាលោកយាយឱ្យរួចពីទុក្ខភ័យជំងឺទាំងពួង៕

Advertisement