លោក Wenger ដឹកនាំ Arsenal ទៅកាន់​ទឹកដី Old Trafford ជា​លើកចុងក្រោយ​ថ្ងៃអាទិត្យ​នេះ

ការប៉ះទង្គិច​គ្នា​រវាង​លោក Arsene Wenger ជាមួយនឹង​លោក Alex Ferguson បាន​បង្កើតឱ្យមាន​យុគសម័យ​កាល​មួយ​ក្នុង​ក្របខ័ណ្ឌ Premier League ហើយ​ទំនាក់ទំនង​របស់លោក​ជាមួយនឹង​គ្រូបង្វឹក​របស់​ក្លិប Manchester United បច្ចុប្បន្ន​របស់​ក្លិប​លោក Jose Mourinho ត្រូវបាន​ចាត់ទុកថា ស្ថិតក្នុង​ភាពជូរចត់​យ៉ាងខ្លាំង។

ប៉ុន្តែ នៅ​ថ្ងៃអាទិត្យ​នេះ គ្រូបង្វឹក​របស់​ក្រុម Arsenal រូបនេះ នឹងត្រូវ​ដឹកនាំ​ក្រុម​របស់លោក​ទៅកាន់​កីឡដ្ឋាន Old Trafford ជា​លើកចុងក្រោយ​ជាមួយនឹង​ពាក្យសំដី​ប្រកបដោយ​មិត្តភាព​ពី​ភាគី​ទាំង2។ លោក Ferguson បាន​បញ្ជាក់ថា លោក​មាន​អារម្មណ៍​ថា «មាន​មោទនភាព​ក្លាយជា​គូប្រជែង សហការី និង​មិត្ត​ភ័ក្តិ» ម្នាក់ របស់លោក Wenger ក្រោយពី​គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ 68ឆ្នាំ​រូបនេះ បានប្រកាសថា លោក​នឹង​លាលែង​ពី​តំណែង​នៅ​ចុងរដូវ​កាល​នេះ។

ខណៈដែល​ប្រកាសថា គ្រូបង្វឹក​ទាំង2បាន​បំភ្លេច​ចោលការ​ប្រជែង​រវាង​ពួកគាត់​ទាំង2នោះ លោក Wenger បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា៖ យើង​គឺជា​មិត្ត​នឹង​គ្នា​នៅពេលនេះ​ពោលគឺ​លោក Alex Ferguson និង​ខ្លួន​ខ្ញុំ​ផ្ទាល់។ ជាមួយគ្នានេះ លោក Mourinho បាន​ប្រាប់​ទូរទស្សន៍ Sky Sports News ថា៖ ប្រសិនបើ​លោក​គោរព​ខ្ញុំ 50ភាគ​ទៅលើ​អ្វីដែល​ខ្ញុំ​គោរព​រូបគាត់ យើង​អាច​ក្លាយជា​មិត្ត​ទៅ​ថ្ងៃ​អនាគត។

ខ្ញុំ​មានការ​គោរព​ជាច្រើន​ដល់​គាត់។ ប៉ុន្តែ​ធាតុពិត​នោះ​គឺថា លោក​បាន​ស្ថិតនៅ​ក្លិប Arsenal គាត់​ជា​ជើងឯក ហើយ​ខ្ញុំ​បានមក​ប្រទេស​នេះ កាលពី​ឆ្នាំ2004 និង​ចង់​លួច​ពានរង្វាន់​របស់គាត់។ នោះ​ហើយ​គឺជា​កីឡាបាល់ទាត់។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង10:30យប់៕

ប្រភពពី៖ Channel News Asia

Advertisement