គ្រាន់តែ ប៊ុត សីហា បញ្ចេញស្នាដៃចម្រៀងថ្មីភ្លាម ហេង នរៈកក្កដា និយាយពាក្យបែបនេះភ្លែត

ថ្មីៗនេះ លោក ប៊ុត សីហា បានបញ្ចេញវីដេអូចម្រៀងខ្លីៗ ដែលបង្ហាញពីស្នាដៃនិពន្ធបទចម្រៀងថ្មីរបស់លោក នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី រហូតដល់អ្នកគាំទ្រជាច្រើនរបស់លោកបានស្រមៃទន្ទឹងចាំនូវការកែខ្លួន និងការខិតខំប្រឹងប្រែងសាងប្រជាប្រិយភាពឡើងវិញ។

ជឿថាមនុស្សម្នាក់ៗរមែងមានការប្រព្រឹត្តខុសជារឿងធម្មតា តែអ្វីដែលសំខាន់នោះគឺ ការទទួលស្គាល់កំហុសហើយមានការកែប្រែឡើងវិញ ដោយសាងភាពទុកចិត្ត និងភាពស្មោះត្រង់ដល់គាំទ្រឱ្យនៅតែអាណិតស្រឡាញ់ដូចដើម។ នៅក្នុងនោះ លោក ហេង នរៈកក្កដា ជាតារាសម្ដែង និងពិធីករ បានសម្ដែងការចាប់អារម្មណ៍ចំពោះតារាចម្រៀង ប៊ុត សីហា ថា «ពេលមានឱកាសរកលុយ សីហាគិតតែសប្បាយរីករាយ មិនចេះថែរក្សាតម្លៃការងារ បើខ្ញុំមានឱកាសដូចសីហាវិញ ខ្ញុំមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ។ ទី១ ខ្ញុំអាចរកលុយបានច្រើន ទី២ សីហាប្រឡងជាប់ក្នុងកម្មវិធីលំដាប់ពិភពលោក ទី៣ សីហាជាតារាល្បី។ បើពេលនេះសីហាភ្ញាក់ខ្លួន និងកែខ្លួន ខ្ញុំនឹងនៅតែគាំទ្រសីហា 100% ព្រោះកើតមកគ្មានអ្នកណាម្នាក់មិនចេះខុសនោះទេ សំខាន់យើងខុសហើយ តែយើងចេះកែខ្លួន»។

គួរបញ្ជាក់ផងដែរថា បើទោះបីជា លោក ប៊ុត សីហា ធ្លាប់បានប្រព្រឹត្តខុសម្ដង បង្ករឿងអាស្រូវសម្លាប់ប្រជាប្រិយភាពខ្លួនឯងក៏ពិតមែន តែសង្ឃឹមថា ប្រិយមិត្តទាំងអស់គ្នានឹងអភ័យទោសចំពោះរូបលោក ផ្ដល់ឱកាសថ្មីសម្រាប់លោកជាថ្មីម្ដងទៀត។ តើអ្នកទាំងអស់យល់ឃើញបែបណាដែរ ?៕

Advertisement